ព័ត៌មានជាតិ

សម្ដេច​តេជោ​ បញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងថា​ សកម្មភាពកម្សាន្ដដោយគ្មានការព្រាងទុកនៅកម្ពុជា​ របស់លោកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនកម្ពុជា

image

ភ្នំពេញ​៖ នាថ្ងៃទី១៥​ ខែវិច្ឆកា​ ឆ្នាំ២០២០៦​នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបដិសណ្ឋារកិច្ច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមលោក​ ជា​ ធីរិទ្ធ​ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឲ្យ​ដឹងក្រោយជំនួបថា​ សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកប្រធាធិបតី ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​ និងបំពេញទស្សនកិច្ផ្លូវរដ្ឋនៅកម្ពុជា​ សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវនៅកម្ពុជារបស់លោក អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) នៅពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ​មួយ សម្រាប់ទំនាក់ទំនងកម្ពុជាបារាំងជាពិសេសគឺ ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់លោកហ្សាឌឺហ្គោល។

សម្ដេចតេជោ​ ក៏បានលើកឡើងថា សម្ដេច​បានឃើញនូវសកម្មភាពរបស់លោកប្រធានធិបតី នៅពេលដែលមកដល់កម្ពុជា បានអញ្ជើញទស្សនានូវអាកាសយានដ្ឋា​នអន្តរជាតិតេជោ​ ហើយនៅពេលយប់លោកក៏បានដើរទស្សនាកម្សាន្ដនៅមាត់ទន្លេ ក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញ​ ដែលសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម។

សម្ដេចតេជោ បានលើកឡើងបន្ដថាសកម្មភាពរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជានៅពេលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយប្រជាជនម្នាក់ៗមានការរំភើបនៅពេល ដែលឃើញលោក អេម៉ានុយអែល ម៉ាក្រុង ទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ​ ជាពិសេសនៅពេលដែលលោកធ្វើដំណើរជាមួយនឹង លោកស្រីទី១​ នៅតាមដងផ្លូវនៅរាជធានីភ្នំពេញ​ នៅមុខព្រះបរមរាជវាំង​ជាដើម​ ដែលបង្ហាញអំពីការស្រឡាញ់​ និងការជឿជាក់របស់ប្រជាជនខ្មែរ ចំពោះបារាំងនិយាយរួមហើយដោយឡែកចំពោះលោកប្រធានាធីបតីផ្ទាល់។

ជាការឆ្លើយតប​ លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញ​ក្ដីរីករាយនៅពេលបា​នជួបជាមួយសម្ដេចតេជោសារជាថ្មី បន្ទាប់ពីជំនួបរវាងលោក អេម៉ានុយអែល ម៉ាក្រុង ជាមួយនឹងសម្ដេចតេជោ នៅឯប្រទេសបារាំងកាលពីឆ្នាំ២០២២​ ស្របជាមួយគ្នានេះ​ លោក អេម៉ានុយអែល ម៉ាក្រុង បានរំលឹកថានៅពេលដែលលោក បានជួបជាមួយនឹងសម្ដេចតេជោគឺមានអារម្មណ៍មានមនោសញ្ចេតនា ដែលប្រកបដោយភាពស្និទស្នាល​ ននិងការជឿទុកចិត្តចំពោះសម្ដេចតេជោ។

បន្ថែមពីលើនេះ លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចប្រជុំដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ​ ដោយលោកបានរំលេចថា អង្គការអន្តរជាតិមួយនេះ គឺក៏មានការចូលរួមពីព្រះបរមរតនកោដ្ឋ ​ដែលជាបិតាស្ថាបនិកនៃអង្គការហ្វ្រង់កូហ្វូនី​ ផងដែរ។

ទន្ទឹម​នឹងនេះនៅក្នុងជំនួបនោះភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរនូវយោបល់គ្នាទៅវិញទៅមកជុំវិញ ការពង្រឹងនូវកិច្ចសហប្រតិបត្ដិការ ផ្នែកសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ សុខាភិបាល​ អប់រំ​ និងបច្ចេកវិទ្យា​ នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេរភាគីកម្ពុជានិងបារាំង។ បន្ថែមពីលើនេះ ក៏បានពិភាក្សាដោយចែករំលែកទាក់ទងផ្លាស់ប្ដូរយោបល់ ទាក់ទងទៅនឹងបញ្ហាមួយចំនួន ដែលភាគីទាំងពីរកំពុងតែយកចិតទុកដាក់ផងដែរ៕

អត្ថបទ៖​ឈឹម​ ធីតា​ រូបភាព៖​ ង៉ាន់​ សំណាង