សមាជិកអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី ៩០% បានមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញដែលបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងមានសារៈសំខាន់
ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញនៅពេលនេះ មានការចូលរួមពីគណៈប្រតិភូនៃបណ្ដាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន ៨១ប្រទេស ក្នុងចំណោមសមាជិក ៩០ប្រទេស នៃសមាគមហ្វ្រង់កូហ្វូនី គឺស្មើនឹង៩០% នៃចំនួនសមាជិក។ នេះបេីយោងតាមការឱ្យដឹងពី លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៦។
លោក នេត្រ ភក្រ្ដា បានបញ្ជាក់ថា តួលេខនេះមិនមែនគ្រាន់តែជាចំនួននៃការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីវិសាលភាពនៃការជួបជុំអន្តរជាតិដ៏ធំមួយ និងសារៈសំខាន់ដែលបណ្ដាប្រទេស និងរដ្ឋាភិបាលសមាជិក ផ្ដល់ចំពោះការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។ វេទិកាដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនេះ បានប្រែក្លាយមរតកប្រវត្តិសាស្ត្រ ទៅជាកម្លាំងការទូត បទពិសោធសង្គ្រាម ទៅជាសារសន្តិភាព និងភាពជាម្ចាស់ផ្ទះ ទៅជាឱកាសបង្ហាញភាពជាអ្នកដឹកនាំ និងចក្ខុវិស័យសម្រាប់អនាគត។
លោក នេត្រ ភក្រ្ដា បានបញ្ជាក់ទៀតថា ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងជម្លោះ ភាពមិនប្រាកដប្រជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមសេដ្ឋកិច្ច ការជួបជុំដ៏ទូលំទូលាយនេះបង្ហាញថា ការសន្ទនា ការយោគយល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅតែមានតួនាទីចាំបាច់។
លោករដ្ឋមន្ត្រី បានចាត់ទុកការចូលរួមរបស់គណៈប្រតិភូទាំង ៨១ប្រទេស គឺជាកិត្តិយសដ៏ធំធេង ហើយក៏ជាការទទួលខុសត្រូវដ៏សំខាន់ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ចល្អ និងអំណោយផលដល់ការពិភាក្សាប្រកបដោយផ្លែផ្កា។
លោក នេត្រ ភក្រ្ដា បានលេីកឡេីងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ រាជធានីភ្នំពេញបានក្លាយទៅជាចំណុចជួបជុំនៃសំឡេងចម្រុះមកពីទ្វីបទាំងប្រាំ។ ភាពខុសគ្នានៃប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងទស្សនៈ មិនគួរក្លាយទៅជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការទេ ប៉ុន្តែអាចក្លាយទៅជាកម្លាំងសម្រាប់ការស្វែងរកដំណោះស្រាយរួមគ្នា។ រដ្ឋ និងរដ្ឋាភិបាលសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីទាំង៩០ គឺមានអ្នកនិយាយភាសាបារាំងសរុបជិត ៤០០លាននាក់ ក្នុងនោះគឺសម្រាប់ប្រទេសកម្ពុជា គឺមានចំនួនប្រមាណជាង ៤៦ម៉ឺននាក់»។
បេីតាម លោក នេត្រ ភក្រ្ដា ភាសាបារាំង ជាភាសាទី៤ ដែលបានប្រើប្រាស់នៅលើពិភពលោក បន្ទាប់ពីភាសាអង់គ្លេស ភាសាចិន និងភាសាអេស្ប៉ាញ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វេីម្ចាស់ផ្ទះនេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចូលរួមសរុប ១ ៣៨២នាក់ ស្មើទៅនឹង ៣០៨ ស្ថាប័ន/អង្គភាព មកពី ៤២ប្រទេសផ្សេងគ្នា ក្នុងនោះ អ្នកសារព័ត៌មានជាតិ ៦៨៥នាក់ មកពី ១១៧អង្គភាព។ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិ សរុប ៦៩៧នាក់ មកពី ១៩១ស្ថាប័ន/អង្គភាព រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕