អត្ថបទឈ្វេងយល់អំពីសត្វត្រយងដែលជិតផុតពូជនៅកម្ពុជា
ភ្នំពេញ៖ ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឫក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ(០៩ កក្កដា១៩៥២-២០២០) ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។
ក្នុងឱកាសនេះ CNC សូមអញ្ជើញអស់លោកអ្នកមិត្តអ្នកអានឈ្វេងយល់អំពីសត្វត្រយងដែលជិតផុតពូជនៅកម្ពុជាដូចខាងក្រោមនេះ៖
យោងតាមឧបសម្ព័ន្ធទី១ ភ្ជាប់ប្រកាសលេខ០២០ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល CNC ទទួលបាន បានឱ្យដឹងថាសត្វត្រយង ជាសត្វមួយនៃក្រុមប្រភេទសត្វស្លាបជិតផុតពូជក្នុងចំណោមទាំង៦នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងសៀវភៅ «បក្សីកម្ពុជា រាជាណាចក្រមានបក្សីយក្ស» ដែលនិពន្ធដោយលោក មឿន ញាណ បានសរសេរថា សត្វត្រយង ចូលចិត្តរស់នៅតំបន់ព្រៃរបោះស្ងួតដែលមានទីកន្លែងដីសើម ច្រើននៅតាមថ្លុក ត្រពាំង បឹងបួរ ព្រែកអូរ ស្ទឹង និងទន្លេជាដើម។ វាចូលចិត្តស៊ីចំណីពពួកសត្វអត់ឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ខ្យង ជន្លេន ក្តាម និងកូនតូចនៃសត្វមានឆ្អឹងកងដូចជា កង្កែប អន្ទង់ និងត្រីជាដើម។ វាមានដំណើរយឺតៗ ស្ងៀមស្ងាត់ រកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក ដេក ឬគេចពួនពីសត្រូវ។
ត្រយងយក្សជាប្រភេទបក្សីដែលទើបតែរកឃើញសាជាថ្មីឡើងវិញនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពិភពលោកបានប្រកាសអះអាងថា សត្វត្រយងផុតពូជពីភពផែនដីយើងទៅហើយនោះ។ ការរកឃើញថ្មីៗនៅខេត្តព្រះវិហារគឺមានត្រយងមិនតិចជាង ១០០គូឡើយ ដែលជាតួលេខមួយច្រើនជាងគេបំផុតនៅក្នុងសកលលោក។ ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយងនៅក្នុងធម្មជាតិមុនគេបង្អស់លើសកលលោកឱ្យទៅអង្គការអភិរក្សសត្វព្រៃរបស់ពិភពលោក។ ហើយកន្លងមករូបភាពសត្វត្រយងនេះត្រូវបានបោះពុម្ពផ្សាយនៅទូទាំងពិភពលោក ដោយទស្សនាវដ្ដី National Geographic Magazine របស់សហរដ្ឋអាមេរិក។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យបង្កើតតំបន់អភិរក្សធនធានសេនេទិច និងសត្វព្រៃ នៅខេត្តព្រះវិហារ ហើយក៏ជាមូលហេតុនៃការអភិរក្សអម្បូរសត្វត្រយងនេះជាចម្បងផងដែរ។ វាជាសត្វជិតផុតពូជបំផុត ដែលអង្គការអភិរក្សសត្វព្រៃពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ ជួយផ្តល់ជំនួយការការពារថែរក្សាប្រភេទសត្វត្រយងឱ្យខាងតែបាន។
ម្យ៉ាងទៀតដោយសារតែវាមានសោភណភាព និងរូបរាងស្រស់ស្អាតជាពិសេសទើបនឹងរកឃើញថ្មីៗផងនោះសត្វត្រយង ក៏ក្លាយទៅជាបក្សីដែលទាក់ទាញបំផុតដល់អ្នកទេសចរអ្នកនិយមការដើរទស្សនាចរណ៍បែបធម្មជាតិនិងមើលបក្សាបក្សី។
ប្រវត្តិរបស់សត្វត្រយងត្រូវបានបុព្វបុរសខ្មែរសម័យបុរាណចងក្រងទុកជាហូរហែ ដូចជានៅក្នុងបទចម្រៀងប្រពៃណី ចម្រៀងប្រជាប្រិយ ឈ្មោះទីកន្លែង និងរឿងព្រេងផ្សេងៗជាដើម ហើយក៏បានឆ្លាក់ជារូបចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័នផងដែរ។ ហើយអ្វីដែលធ្វើឱ្យជនជាតិខ្មែរបានស្គាល់ និងកាន់តែចាប់អារម្មណ៍ លើសត្វត្រយង កាន់តែខ្លាំងផងនោះ គឺតាមរយៈបទចម្រៀងប្រជាប្រិយ បទ «ទទាយំឆ្លង ត្រយងយំឆ្លើយ» ដែលបានច្រៀងឡើងវិញដោយសិល្បការិនី ឈួន ម៉ាឡៃ និងសិល្បការិនី ម៉ៅ សារ៉េត កាលពីដើមទសវត្ស ១៩៦០។
បទចម្រៀង «ទទាយំឆ្លង ត្រយងយំឆ្លើយ» គឺនៅតែទទួលបានការពេញនិយមស្តាប់ពីសំណាក់ជនជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតមកដល់បច្ចុប្បន្ននេះ ព្រោះដោយសារបទនេះមានលក្ខណៈពីរោះ លន្លង់លន្លោច អណ្តែតអណ្តូងដោយប្រៀបធៀបអំពីគូសង្សារមួយគូដែលបានឃ្លាតកាយឆ្ងាយពីគ្នា ប៉ុន្តែចិត្តរបស់ពួកគេនៅតែនឹកអាល័យ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ខ្លឹមសារបទ «ទទាយំឆ្លង ត្រយងយំឆ្លើយ»
«ទទាយំឆ្លង ត្រយងបងអើយយំឆ្លើយ
សង្សារបងអើយ ភ្លេចអូនហើយឬនៅ?
ទឹកហូរកាត់ខ្សាច់ ចិត្តអូនមិនដាច់អំពីប្រុសពៅ
ស្ពានក៏បាក់ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅជួបគូសង្សារ»។
ជាបទរាំវង់ចំណាំ ពាក្យ «អើយ» អានថា «ម្បើយ»។
រីឯរឿងព្រេងទាក់ទងនឹង សត្វឪលើកឬ ត្រយងយក្ស៖ កាលពីព្រេងនាយ មានព្រានព្រៃពីរនាក់ឪពុក និងកូនបានធ្វើដំណើរកាត់ព្រៃទៅរកបរបាញ់សត្វជាប្រក្រតី។ ថ្ងៃមួយជាចៃដន្យដើរៗទៅ ស្រាប់តែកូនព្រានព្រៃ បានដើរផុងជើងធ្លាក់ចូលក្នុងរូងដីដែលជាសំបុករបស់សត្វព្រលួតលាក់(ប្រលួតលាក់)មួយសំបុកដ៏ធំ។
ខណៈនោះពពួកសត្វព្រលួតលាក់ដ៏មានពិស ក៏បាននាំគ្នាទិច-ខាំជើងកូនព្រាននោះ ធ្វើឱ្យវាឈឺចាប់យ៉ាងខ្លាំងហើយក៏ភ្លាត់មាត់ស្រែកខ្លាំងៗថា «ឪលើកៗ» ក្នុងបំណងឱ្យឪពុកជួយលើកខ្លួនឱ្យផុតពីគ្រោះកាចនោះ។ រំពេចនោះព្រានជាឪពុក ក៏ស្ទុះទៅចាប់លើកកូនឡើងភ្លាម ប៉ុន្តែជាអកុសលជើងរបស់កូនព្រានបានហើមរលួយដាច់សុះសាច់អស់រលីងដោយសារអំណាចពិសពុលរបស់ហ្វូងសត្វព្រលួតលាក់។ កូនព្រានមានការឈឺចាប់ខ្លាំងជាពន់ពេក វានៅតែជាប់ភ្លាត់មាត់ស្រែកថា «ឪលើក»ៗៗ រហូតដាច់ខ្យល់ស្លាប់បង់សង្ខារ។
ដោយអំណាចផលបុណ្យកុសលមិនល្អរបស់ព្រានព្រៃឪពុក និងកូន ដែលធ្លាប់តែដើរបរបាញ់សត្វនោះ លុះក្រោយពីកូនស្លាប់បាត់បង់ជីវិតពីមនុស្សលោកទៅ ព្រលឹងរបស់កូនព្រាននោះក៏បានទៅចាប់ជាតិជាសត្វបក្សីម្យ៉ាងដែលយើងស្គាល់ថា «ត្រយងយក្ស» ហើយវាតែងហើរដើរស្រែកយំឮសូរ «ឪលើកៗ» ជារហូតមក។
ហេតុដូច្នេះហើយ បានជាជនជាតិខ្មែរយើងមួយចំនួននិងជាពិសេសបងប្អូនជនជាតិកួយ និយមហៅបក្សីនេះថា«សត្វឪលើក»ៗ តាមសូរសំឡេងវាយំផងនិងក៏ដើម្បីទុក ជាការរំឭកដល់រឿងព្រេងបុរាណនេះផងហើយក៏ជាគតិដាស់តឿនក្រើនរំឭកដល់អ្នកផងទាំងពួងឱ្យឈប់បរបាញ់សត្វព្រោះខ្លាចជាប់កម្មពារវេរាទៅជាតិក្រោយដូចមានជាព័ស្តុតាងក្នុងរឿងនិទាននេះស្រាប់៕
រៀបរៀងដោយ ៖ វឿន សាវុធ






