នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបទីតាំង ផលិតបារី ESSEក្លែងក្លាយក្នុងភូមិសាស្ត្រស្រុកព្រៃនប់

អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ ដោយមានបណ្ដឹងពីក្រុមហ៊ុន ដែលប្ដឹងមកសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ជុំវិញ ការផលិតបារីម៉ាក ESSEក្លែងក្លាយ ទើបនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដោយមានការសម្របសម្រួល ពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត រហូតឈានដល់ការបង្ក្រាបបាននៅទីតាំងស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២០។
ក្នុងនោះក្រោយពីពិនិត្យទីតាំងរោងចក្រជាក់ស្ដែង ដោយមានការសម្របសម្រួលនីតិវិធីពីលោកហួតវិចិត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ទើបកម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការឆែកឆេរទីតាំង រោងចក្រទាំងមូល។ ជាលទ្ធផល បានរកឃើញនូវសម្ភារ វត្ថុតាងជាច្រើនដែលមានការសង្ស័យ ពាក់ព័ន្ធនឹងការផលិត កែឆ្នៃ វេចខ្ចប់ បារីម៉ាក ESSE ក្លែងក្លាយ ខុសច្បាប់ ព្រមទាំងទំនិញមួយចំនួន គ្មានច្បាប់អនុញ្ញាត នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើ និងរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-N70។
មានម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៣ ក្នុងម៉ាស៊ីនមួយ ផលិតបារីក្នុងមួយថ្ងៃ បាន ១២០ប៊ិចក្នុង១ប៊ិចមាន ២៥ សុងនិងម្សៅដោះគោ Ost+NCX (ជំនួយឆ្អឹង ) ចំនួន ៨៣៧ កេស ម្សៅដោះគោ KarodiTillចំនួន ៥៤៧ កេស ម្សៅដោះគោ Pabda Suro Shake( Vanilla)ចំនួន ១៩៩ កេស- ម្សៅដោះគោ APTAMILចំនួន ៧៧៨ កេសនិងម្សៅដោះគោ COWGATEចំនួន ១៩៦ កេស។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងបន្ទប់ដាក់សម្ភារនៃទីតាំងឃ្លាំងក្នុងរោងចក្រ(គ្មានលេខ) ផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ា
ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ទីតាំងចុះបង្ក្រាប) រួចធ្វើការបិទផ្លុមបេទ្វារចេញចូលរង់ចាំការសម្រេចពីស្ថាប័នតុលាការ និងបាននាំខ្លួនឈ្មោះ អាយ បើង ភេទ ស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
