ព័ត៌មានជាតិ

ចាប់ខ្លួនក្មេងទំនើង ១៣នាក់ ក្រោយកាប់យុវជន៣នាក់រងរបួសធ្ងន់ និងដាច់ដៃ នៅខណ្ឌចំការមន

image

ភ្នំពេញ៖ ក្មេងទំនើងចំនួន ១៣នាក់ សង្ស័យពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយចេតនា ដោយប្រើកាំបិត និងដាវ កាប់ទៅលើយុវជនចំនួន ៣នាក់ បណ្តាលរងរបួសធ្ងន់ កាលពីវេលាម៉ោង ២១:៤០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅផ្ទះ៧៨៦ ផ្លូវ៧ ក្រុម២៥ ភូមិនិងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ប្រភពពីនគរបាលបានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២១:៤០នាទី ដោយជនរងគ្រោះ ឈ្មោះ ឡេង សំណាង ឈ្មោះ ណារុន វឌ្ឍនៈ និងឈ្មោះ សៅ សុខហេង រួមនិងមិត្តភក្តិមួយចំនួនទៀត កំពុងអង្គុយលេងនៅមុខផ្ទះលេខ ៧៨៦ ផ្លូវ៩៧ ក្រុម២៥ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែលជិត ២០នាក់ ជិះម៉ូតូជាង ១០គ្រឿង ទៅឈប់នៅក្បែរជនរងគ្រោះកំពុងឈរជែកគ្នា ហើយនាំគ្នាចុះដេញកាប់លើជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះទាំង ៣នាក់ រងរបួសធ្ងន់ធ្ងរ និងដាច់ដៃ បន្ទាប់មកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួន។ រីឯជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាលរបួស។

រហូតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គួង មុន្ទីពេជ្រ នៅមុខផ្សារសេរីភាព ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបន្តសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ចាប់ខ្លួនបក្ខពួកចំនួន ១២នាក់ថែមទៀត នៅក្រោយសាលាបឋមបាក់ទូក ផ្លូវ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រួមនិងសម្ភារដកហូតបានមាន កាំបិតប៉័ងតោចំនួន ៣ដើម និងម៉ូតូចំនួន ៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់ កំពុងស្ថិតក្រោមការសាកសួររបស់ជំនាញផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕