សន្តិសុខសង្គម

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជួញដូគ្រឿងញៀន និងជនរងគ្រោះសេពគ្រឿងញៀនជនជាតិថៃចំនួន ១០នាក់ ទៅតុលាការ

image


បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យនៅថ្ងៃទី ៤ខែធ្នូ ឆ្នាំ ២០២៤នេះ បានបញ្ជូនជនសង្ស័យជួញដូគ្រឿងញៀន ព្រមទាំងជនរងគ្រោះសេពគ្រឿងញៀនជនជាតិថៃចំនួន ១០នាក់ ទៅសាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់។


យោងតាមប្រភពព៌ត៌មានពីមន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្រ្តដល់ចំណុចអគារថ្មីស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យជួញដូរម្នាក់ ឈ្មោះ ចាក់គីត អ៊ុនដេ ភេទប្រុស អាយុ​ ៤១ឆ្នាំ ជនជាតិថៃ នឹងរឹបអូសបានសម្ភារៈ និងវត្ថុតាង ដូចជា ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ (WY) ពីលើចំនួន ០៣គ្រាប់។


បន្ទាប់មក នៅយប់នៃថ្ងៃដដែលជននេះសហការនឹងកម្លាំងសមត្ថកិច្ចជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យ ជួញដូរ ចែកចាយ និងប្រើប្រាស់សារធាតុញៀនចំនួន ៩នាក់ទៀត ជាជនជាតិថៃ នៅម្តុំបុរីសុខស្រេង (ហែលទឹក) ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះដូចដូជា៖ ១. ឈ្មោះសុផាកន បួរសុវណ្ណ ហៅប៉ន ភេទប្រុស អាយុ៣០ឆ្នាំ, ២. ឈ្មោះ ធុង ឆៃ ភេទប្រុស អាយុ ៣៩ឆ្នាំ, ៣.ឈ្មោះ គីត ធីផុប ភេទប្រុស អាយុ ២៥ឆ្នាំ, ៤. ឈ្មោះ សាវ៉ាន់ សាប់ដាវី ភេទប្រុស អាយុ ៣២ឆ្នាំ, ៥.ឈ្មោះ ចេស សាដា ភេទប្រុស អាយុ ២៧ឆ្នាំ, ៦. ឈ្មោះ ប៉ាវីឆាត ម៉ារាសាន់ ភេទស្រី អាយុ ៣៨ឆ្នាំ, ៧.ឈ្មោះផន ភិម៉ុន ភេទស្រី អាយុ ៣៩ឆ្នាំ, ៨. ឈ្មោះ ឈុនធីឆាវវងថាំភូ ភេទស្រី អាយុ ៣១ឆ្នាំ និង៩. ឈ្មោះ ផិតទិម៉ា វង់ខាំភូ ភេទស្រី អាយុ ៣៥ឆ្នាំ។


កម្លាំងធ្វើការត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរកឃើញមានសម្ភារៈ និងវត្ថុតាង រួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ WY ពីលើចំនួន ៩.៥៧៦គ្រាប់, ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ WY ពីលើចំនួន ១.១៣០គ្រាប់, ៣. ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ WY ពីលើចំនួន ៣៨គ្រាប់, ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៦ថង់, លិខិតឆ្លងដែនមួយក្បាល, អត្តសញ្ញាណសញ្ជាតិថៃមួយ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង។


នគរបាលជំនាញក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ រួចសួរចម្លើយ ហើយបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដើម្បីសួរចម្លើយបន្ថែម រួចកសាងសំណុំរឿងបញ្ជូនជនសង្ស័យជួញដូរ ចែកចាយគ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីអនុវត្តបន្តតាមនិតិវិធីនៅថ្ងៃទី ០៤ ខែធ្នូឆ្នាំ ២០២៤នេះ។ ចំណែកអ្នកសេពបំពានសារធាតុញៀនត្រូវបញ្ជូនទៅបន្សាបសារធាតុញៀននៅមណ្ឌលជីវិតថ្មី ភ្នំបាក់នាសង្កាត់ទឹកថ្លៃក្រុងសិរីសោភ័ណ៕


អត្ថបទ៖ ជា ថន