ព័ត៌មានអន្តរជាតិ

ទាហានអាមេរិកម្នាក់ត្រូវបានធ្វេីរោគវិនិច្ឆ័យឃេីញមានផ្ទុកកូរ៉ូណាវីរុសជាលេីកដំបូងនៅកូរ៉េខាងត្បូង

image

យោធាអាមេរិកបានប្រកាសនៅថ្ងៃពុធនេះថាទាហានអាមេរិកម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានធ្វេីរោគវិនិច្ឆ័យឃេីញមានផ្ទុកកូរ៉ូណាវីរុសប្រភេទថ្មី។ 

ទាហានរូបនោះដែលមានអាយុ២៣ឆ្នាំឈរជេីងក្នុងជំរំយោធា​ខារ៉ូល​ (Carrol) ក្នុងទីក្រុងវ៉េខ្វាន​ (Waegwan) មានចម្ងាយជាង១៩គីឡូម៉ែត្រពីទីក្រុងដេហ្គូ​ (Daegu) ដែលជាកន្លែងមានការឆ្លងកូរ៉ូណាវីរុសខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង។ 

យោធាអាមេរិកបានប្រកាសថាអ្នកជំងឺរូបនោះដែលជាទាហានអាមេរិកដំបូងគេដែលបានឆ្លងកូរ៉ូណាវីរុសត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងកន្លែងស្នាក់នៅរបស់គាត់នៅខាងក្រៅជំរំ។ 

ទាហានរូបនោះបានបំពេញទស្សនកិច្ចទៅជំរំយោធាមួយកន្លែងក្នុងទីក្រុងដេហ្គូ​ (Daegu)​ កាលពីថ្ងៃចន្ទនិងបានមកបំពេញទស្សនកិច្ចក្នុងជំរំយោធា​ខារ៉ូល​ (Carrol)​ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអង្គារ។ 

យោធាអាមេរិកបាននិយាយថាអ្នកជំនាញផ្នែកសុខភាពរបស់កូរ៉េខាងត្បូងនិងអាមេរិកកំពុងធ្វើការតាមដានយ៉ាងសកម្មដើម្បីកំណត់ថាតើអ្នកផ្សេងទៀតប្រឈមមុខនឹងការឆ្លងឬទេ៕