រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តឱ្យអ្នកថតរូបបន្តផលិតរូបភាពស្អាតៗតាមតំបន់ធម្មជាតិ ដើម្បីបង្ហាញជូនដល់ពលរដ្ឋទូទាំងប្រទេស
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកទឹកចិត្តដល់អ្នកថតរូបទាំងអស់ បន្តចូលរួមផលិតរូបភាពស្អាតៗ នៅតាមតំបន់ធម្មជាតិនានានៅប្រទេសកម្ពុជា ដើម្បីជាការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងបរិស្ថាន រៀបចំការជួបជុំសំណេះសំណាលជាមួយអ្នកថតរូប នាល្ងាចថ្ងៃទី ២ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកថតរូបជាច្រើននៅកម្ពុជានេះ លោក សាយ សំអាល់ បានសរសើដល់អ្នកថតរូបទាំងអស់ ដែលខិតខំព្យាយាមផ្ដិតយករូបភាពស្អាតៗ នៅតាមតំបន់ធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។ នេះជាការបង្ហាញពីស្មារតីស្នេហាជាតិមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដែលពោពេញដោយសមត្ថភាព តាមការផលិតនូវរូបភាពស្អាតប្រណិត ដើម្បីបង្ហាញបន្តជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានឃើញពីភាពអស្ចារ្យនៃសម្រស់តំបន់ធម្មជាតិរបស់កម្ពុជា។
តាមរយៈរូបភាពកន្លងមករបស់អ្នកថតរូបកម្ពុជា ពិតជាមានសារៈប្រយោជន៍ខ្លាំង ក្នុងការជួយផ្សព្វផ្សាយជូនសារធារណជនកម្ពុជាទាំងអស់ ហើយសកម្មភាពនេះក៏បានបង្ហាញពីការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានល្អប្រសើរ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ក្រៅពីលើកឡើងជាការលើកទឹកចិត្ត ក្រសួងបរិស្ថានក៏បានប្រគល់ជូនប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ថតរូបជាច្រើនរូបផងដែរ ដែលបានថរូបបានស្អាតជាងគេ។
ក្នុងនាមជារដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ អះអាងថា នឹងពង្រឹងកិច្ចការងារអភិរក្សតំបន់ការពារធម្មជាតិ ឱ្យកាន់តែប្រសើរតាមរយៈមន្រ្តីអភិរក្សដែលមានសព្វថ្ងៃ និងបានសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូបបង្ហាញភាពស្រឡាញ់ចំពោះតំបន់ធម្មជាតិ និងចូលរួមការពារទាំងអស់គ្នាផងដែរ៕
ដោយ៖ គង់ ប៊ុនណា


