ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានគេចាប់រំលោភ តែឱពុកម្តាយមិនហ៊ានប្តឹង ដោយសារតែជីវភាពក្រីក្រ
កណ្តាល៖ មានករណីជនល្មើស បានចាប់រំលោភក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ ១០ឆ្នាំ រហូតដល់ធ្លាក់ឈាម តែឱពុកម្តាយមិនហ៊ានប្តឹង ដោយអះអាងថា ខ្លាចអស់លុយដោយសារតែជីវភាពក្រីក្រពេក។ តែករណីនេះ បានដឹងដល់សមត្ថកិច្ច និងបានឈានដល់ការចាប់ខ្លួនជនល្មើសបាន។
ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:០០នាទី នៅចំណុចក្នុងបន្ទប់ទឹកផ្ទះជួល ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងមាន សារ៉ុងពណ៌ក្រម៉ៅឆ្នូតៗ មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។
ជនសង្ស័យឈ្មោះ ហាន រ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន។ រីឯជនរងគ្រោះឈ្មោះ ថ.ម.រ.ឌ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១:០០នាទីរសៀល ជនរងគ្រោះ និងបងប្រុសបង្កើត រួមជាមួយអ្នកជិតខាង ឈ្មោះ តាដូង អាយុ៥៥ឆ្នាំ បាននាំគ្នាទៅស្ទូចត្រី នៅឯបឹងខាងត្បូងផ្ទះ ពេលទៅដល់បឹង ជនរងគ្រោះបានបត់ជើងតូច ហើយមានសភាពធ្លាក់ឈាមជាច្រើន ដោយឃើញដូច្នេះឈ្មោះតាដូង ក៏បានដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយជនរងគ្រោះឱ្យបានដឹង និងឱ្យនាំកូនទៅមន្ទីពេទ្យ។
ពេលទៅដល់មន្ទីរពេទ្យជ័យជំនះ ក្រោយពីពេទ្យពិនិត្យរួចហើយ ទើបដឹងថា ជនរងគ្រោះត្រូវបានគេចាប់រំលោភ ហើយនៅពេលសួរនាំ ជនរងគ្រោះឆ្លើយថា ត្រូវពូរ៉េតចាប់រំលោភក្នុងបន្ទប់ទឹក តែពេលនោះម្តាយជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្លាមនោះទេ។ បញ្ហានេះឱពុកម្តាយបានអះអាងថា អត់ហ៊ានទៅប្ដឹងសមត្ថកិច្ច ដោយខ្លាចអស់លុយ។
ក្រោយមករឿនោះក៏បានដឹងដល់លោកអធិការក្រុងតាខ្មៅ ក៏បានបញ្ជាឱ្យកម្លាំងចុះចាប់ខ្លួនជនសង្ស័យយកទៅផ្ដន្តាទោសតាមច្បាប់បាន។
លោកវរសេនីយឯក យី វណ្ណដា បានបញ្ជាក់ថា ក្រុមគ្រួសារកុមាររងគ្រោះអត់ហ៊ានប្ដឹងសមត្ថកិច្ច ដោយខ្លាចអស់លុយ ព្រោះពួកគាត់មានជីវភាពក្រីក្រខ្វះខាតពេក។ រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩:០០ព្រឹក ដោយសារជនរងគ្រោះមានសភាពស្លេកស្លាំង ធ្លាក់ឈាមមិនព្រមឈប់ ទើបម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយឯក យី វណ្ណដា អធិការក្រុងតាខ្មៅ បានដឹកនាំកម្លាំងក្រុង និងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំដោយផ្ទាល់ចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យយកទៅផ្ដន្តាទោសតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះក្នុងបន្ទប់ទឹកផ្ទះជួលរហូតបានសម្រេចចំនួន ២ដង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច។ លោកអធិការបានឱ្យដឹងថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ បើសិនជាដឹងថា សមត្ថកិច្ចក្រុងតាខ្មៅរូបណាហ៊ានទារលុយទារកាក់ពីប្រជាពលរដ្ឋ ករណីពួកគាត់ទៅដាក់ពាក្យបណ្ដឹងដើម្បីសុំឱ្យជួយអន្តរាគមន៍។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងមានស្ថានទម្ងន់ទោស ប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់ខាងលើ៕
អត្ថបទ៖ គង់ ប៊ុនណា





