ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ រៀបចំពិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងព្រះជន្ម៨៥ ព្រះវស្សា យាងចូល៨៦ព្រះវស្សា

image

កំពង់ស្ពឺ៖ ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខា រួមទាំងជាសមាជិក សមាជិកា គណៈកម្មាធិការសាខា បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលពិធីនេះ ប្រព្រឹត្តទៅនៅវត្តអង្គតាមោក្ខ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសដ៏មហាបវរប្រសើរនាឱកាសនេះ លោកអភិបាលខេត្ត បាននិមន្តព្រះសង្ឃសូត្រពុទ្ធជ័យមង្គលថ្វាយសម្តេចម៉ែ វេរភត្តហារប្រគេនព្រះសង្ឃចំនួន ៤អង្គ និងបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សារ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្ត ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតរៀងទៅ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អង្គភាពកងកម្លាំងទាំងបី រដ្ឋបាលក្រុង ស្រុកទាំង៨ មន្ទីរ អង្គភាព ក្រោមឱវាទទាំងអស់ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ហ្លួងម៉ែ ដោយមានតាំងភ្លើង និងទង់ជ្វាលាចម្រុះព័ណ៌ ព្រមទាំងពាក្យស្លោកថ្វាយព្រះពរ ដើម្បីចូលរួមថ្វាយព្រះពរ និងអបអរសាទរក្នុងឪកាសនៃព្រះរាជពិធីដ៏ឧត្តុងឧត្តមនេះ៕ដោយ៖ ប៊ុត សារុន