បេក្ខជនឌីប្លូមចំនួន៣៣នាក់ អវត្តមានពេលប្រឡងដោយមិនដឹងមូលហេតុច្បាស់លាស់
អត្ថបទ៖ ម៉ាក មេត្តា
ស្ទឹងត្រែង៖ មានករណីបេក្ខជនឌីប្លូមចំនួន៣៣នាក់ បានអវត្តមានក្នុងសម័យប្រឡងថ្ងៃទី១៥-១៦ ដោយពុំដឹងពីមូលហេតុច្បាស់លាស់។ ក្នុងចំណោមបេក្ខជនទាំង៣៣នក់ ដែលអវត្តមានក្នុងពេលប្រឡងខាងលើ មានបេក្ខនារីចំនួន២០។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងរបាយការណ៍បានបន្ថែមថា ចំពោះការប្រឡងឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូនជាប្រក្រតី ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា និងមានលក្ខណ:ល្អទាំងការអនុវត្តរបស់កិច្ចការគណ:មេប្រយោគ និងមានវិន័យល្អរបស់បេក្ខជនក្នុងមណ្ឌលនីមួយៗ ដែលធ្វើឱ្យដំណើរការប្រឡងទទួលបានជោគជ័យ។
សូមជម្រាបថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានមណ្ឌលប្រឡងចំនួន៣១ មណ្ឌល បន្ទប់ចំនួន៦៦បន្ទប់ ចំនួនបេក្ខជនដែលបានមកប្រ១២២៨នាក់ ស្រី៦៦៤នាក់។ មណ្ឌលប្រឡងនីមួយៗ មានរបងព័ទ្ធជុំវិញ មានច្រកទ្វារចេញចូលតែមួយ កន្លែង បន្ទប់ប្រឡងមានទ្វារនិងបង្អួចរឹងមាំ និងចាក់សោរត្រឹមត្រូវមុនពេលដំណើរការប្រឡង ព្រមទាំងពុំមានសំឡេងរំខានពីខាងក្រៅថែមទៀតផង។ ហើយក្នុងមណ្ឌលនីមួយៗក៏មានមន្ត្រីសុខាភិបាលចាំសង្គ្រោះបន្ទាន់ងដែរ៕







