កូរ៉េខាងត្បូងគ្រោងធើ្វកំណែទម្រង់លើច្បាប់ការងារដើម្បីផ្តល់ភាពបត់បែនក្នុងម៉ោងធើ្វការសម្រាប់ពលរដ្ឋរបស់ខ្លួន
កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងមួយរូបដែលជាបុគ្គលិកការិយាល័យ បានបង្ហាញភាពសុដ្ឋិនិយមតិចតួចទៅលើផែនការកែប្រែច្បាប់ការងាររបស់រដ្ឋាភិបាល ដែលនឹងផ្តោតទៅលើបញ្ហាម៉ោងការងារ ដែលជាសម្ពាធដ៏ធំមួយសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនក្នុងពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនលំដាប់ទី ១០នៅក្នុងពិភពលោក។
បើតាមទិន្នន័យក្រៅផ្លូវការបានឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្យូងប្រមាណជា ១៨%គឺត្រូវបំពេញការងារជាមធ្យមចំនួនជាង ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលធើ្វឱ្យអ្នកទាំងនោះមិនមានពេលវេលាសម្រាប់ការសម្រាកបានគ្រប់គ្រាន់ រួមនិងការចំណាយពេលវេលាជាឯកជនភាពជាមួយនឹងក្រុមគ្រួសារ។
ដោយស្ថិតនៅក្រោមបរិបទសង្គមមួយដែលពោរពេញទៅដោយការប្រកួតប្រជែង រួមនិងវប្បធម៌រស់នៅដ៏តឹងរឹងទាមទារឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍស្ថាប័នក្រុមហ៊ុនរបស់ខ្លួន តាមរយៈការព្យាយាមសម្រេចភារកិច្ចរបស់ខ្លួនឱ្យបានរួចរាល់ទៅតាមពេលវេលាកំណត់ដែលបានដាក់ឱ្យ បើទោះបីជាត្រូវបំពេញការងារថែមម៉ោងរហូតដល់យប់ជ្រៅយ៉ាងណាក៏ដោយ។
ប្រឈមទៅនឹងបរិបទសង្គមដ៏តឹងតែងបែបនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរៀបចំស្នើឱ្យមានការកំណែទម្រង់ច្បាប់ស្តីពីការងារមួយដែលនឹងផ្តល់ភាពបត់បែនខ្ពស់លើពេលវេលាការងារថែមម៉ោង (OT) រួមនិងសិទ្ធិអំណាចមួយចំនួនផ្សេងទៀតសម្រាប់បុគ្គលិកកម្មករ ដើម្បីកាត់បន្ថយការបង្ខិតបង្ខំការងារពីសំណាក់ក្រុមនិយោជក។
នៅក្នុងខ្លឹមសារច្បាប់ការងារថ្មីខាងលើនេះដែរ នឹងអាចឱ្យបុគ្គលិកកម្មករធើ្វការជ្រើសរើសពេលវេលាថែមម៉ោង (OT) ជាប្រចាំសប្តាហ៍ ឬក៏ប្រចាំខែទៅតាមលទ្ធភាពនិងការចង់បានរបស់ខ្លួន ដើម្បីជួយឱ្យពួកគេមានពេលវេលាផ្ទាល់ខ្លួនគ្រប់គ្រាន់។ បន្ថែមពីនេះច្បាប់ការងារខាងលើ ក៏នឹងអនុញ្ញាតឱ្យបុគ្គលិកកម្មករអាចប្រើប្រាស់ពេលវេលាថែមម៉ោងរបស់ខ្លួន សម្រាប់ប៉ះបូវនៅក្នុងការធើ្វដំណើរកម្សាន្តរយៈពេលយូរ ដែលចំាបាច់សម្រាប់អ្នកដែលមានប្រពន្ធកូននិងឪពុកម្តាយចាស់ជរា៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect


