គណៈប្រតិភូក្រុមហ៊ុន CBS ដឹកនាំដោយលោក David Ulmer អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព កញ្ញា នូ មៈនេត្រអាថាណ្ណា
ភ្នំពេញ៖ លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព កញ្ញា នូ មៈនេត្រអាថាណ្ណា នៅវេលាម៉ោង ៩ និង៣០ ព្រឹកថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅគេហដ្ឋានលេខ៦៨B ផ្លូវលេខ៣៤៤A សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ស្ថិតក្នុងបុរីវិមានភ្នំពេញ (គម្រោង១ផ្លូវជាសុផារ៉ា) រាជធានីភ្នំពេញ។
កញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាពវេលាម៉ោងជាង ១១យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នៅមន្ទីពេទ្យក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ៣៧ឆ្នាំ ដោយរោគាពាធ។
កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុនCBS នៅថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០០៩ក្នុងតួនាទីជាពិធីការនី នៃកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនាមជាពិធីការនី និងនាយិការងព័ត៌មាន កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីមិត្តរួមការងារគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន។
មរណភាពរបស់ ថាណា គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។
ថ្នាក់ដឹកនាំ CBS សូមចូលរួមរំលែកមរណទុក្ខ និងក្តីអាឡោះអាល័យជាមួយក្រុមគ្រួសារនិងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ក្នុងលោក និងទេព្តាទាំងពួង សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធ ថាណ្ណាទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសពតាមប្រពៃណី បានកំពុងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា៥៩៨ រាជធានីភ្នំពេញ។
តាមកម្មវិធីបុណ្យ នៅព្រឹកចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ជួបជុំសាច់ញាតិ មិត្តភក្តិជិតឆ្ងាយ ធ្វើពិធីសាសនា រួចរម្កិលសព ចេញពីគេហដ្ឋាន ហែឆ្ពោះទៅកាន់ឈាបដ្ឋាននៅវត្តជោត មង្គលហៅវត្តព្រែកព្នៅ។ ពិធីបូជាសព ធ្វើនៅវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាការជួបជុំជូនដំណើរកញ្ញា នូ មៈនេត្រអាថាណ្ណា ចុងក្រោយ៕
ដោយ៖ វង សុភ័ក្ត្រ