កសិករស្រុកទឹកឈូម្នាក់ បានចែករំលែកបទពិសោធន៍ចិញ្ចឹមសត្វទាឱ្យមានស៊ុតធំល្អ និងមានគុណភាពខ្ពស់ ក្រោយពីគាត់ចិញ្ចឹមទាយកស៊ុតទទួលបានផលល្អ
កំពត៖ ក្រោយទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វទាយកស៊ុតលក់ កសិករនៅស្រុកទឹកឈូម្នាក់ បានឱ្យដឹងថា មុខរបរនេះធ្វើឱ្យគាត់រីករាយយ៉ាងខ្លាំង ដោយសារការចិញ្ចឹមទទួលបានលទ្ធផលល្អ ហើយសត្វទាគ្មានជំងឺ ឬងាប់ និងការប្រមូលស៊ុតបានច្រើន ស៊ុតធំ និងមានគុណភាព មានទីផ្សារល្អ ពិសេសមេទាអាចផ្តល់ស៊ុតរយៈយូរជាង២ឆ្នាំ។
លោក សួន គៀត កសិករចិញ្ចឹមសត្វទាយកស៊ុតលក់ នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា គាត់បានចិញ្ចឹមសត្វទាចំនួន ៥ពាន់ក្បាល ហើយក្នុងមួយថ្ងៃ ជាធម្យមការប្រមូលផលស៊ុតក្នុងរង្វង់ ៣ពាន់គ្រាប់ សម្រាប់លក់ទៅម៉ូយនៅក្នុងឃុំ ផ្សារសាមគ្គី ខេត្តកំពត ផ្សារកំពង់ត្រាច និងខេត្តព្រះសីហនុ។ ក្នុងរយៈពេល ៥ឆ្នាំមកនេះ លោកមានបទពិសោធន៍ និងមានភាពជឿជាក់លើការចិញ្ចឹមសត្វទាឱ្យមានសុខភាពល្អ និងផលិតស៊ុតបានច្រើន និងសត្វទាអាចរស់បានរយៈពេលយូរលើសពី ២ឆ្នាំ។ ជាក់ស្តែងទារបស់លោកបាននិងកំពុងផ្តល់ស៊ុតជាង ៣ឆ្នាំហើយ ដែលធ្វើឱ្យគាត់ទទួលបានចំណូល ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយផាត់ការចំណាយផ្សេងៗរួចរាល់។
កសិកររូបនោះ បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យ និងធានាថា គ្មានជំងឺ ឬងាប់នោះ ផ្អែកទៅលើកត្តាមួយចំនួន មានដូចជា ការផ្តល់របបអាហារ (ការផ្តល់ចំណី និងអាហារធម្មជាតិ) អនាម័យក្នុងនឹងក្រៅទ្រុង ការប្រើប្រាស់ទឹកដេលទឹកស្អាត (ទឹកផឹក និងទឹកទាលេង) ការរៀបចំបរិវេណនៃកន្លែងចិញ្ចឹមឱ្យមានបរិយាកាសល្អ។
លោក ម៉ី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មឃុំ បានឱ្យដឹងដែរថា លោកមានចិត្តសប្បាយរីករាយណាស់ដែលបានឃើញកសិករក្នុងឃុំរបស់លោកចិញ្ចឹមសត្វបានល្អលើសពីការរំពឹងទុក។ ការចិញ្ចឹមទារបស់កសិករ សួន គៀត មានភាពសាមញ្ញ តែត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទាំងអស់ ហើយពលរដ្ឋចិញ្ចឹមទាផ្សេងទៀត គួរសិក្សាយកបទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមពីគាត់ ឬយកគំរូតាមគាត់ ដើម្បីការចិញ្ចឹមទទួលបានជោគជ័យ និងទទួលបានផលល្អប្រសើរ។
មន្ត្រីបច្ចេកទេសកសិកម្មរូបនោះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងងាកមកធ្វើកសិកម្មឱ្យបានច្រើន មិនថាចិញ្ចឹមសត្វ ឬដាំបន្លែទេ ហើយក្រុមមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងនៅជួយផ្តល់ទាំងបច្ចេកទេស ការសិក្សាទីផ្សារ ដើម្បីជំរុញជីវភាពកសិករ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន៕
អត្ថបទ៖ វង្ស សុធារម្យ