លោកស្រីភារធារីអាមេរិកប្រចាំកម្ពុជា៖ គម្រោងសហគ្រិនស្ត្រី AWE ជួយបង្កើនភាពជាដៃគូសាកលរឹងមាំ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាពដល់សហគ្រិនស្ត្រីនៅជុំវិញពិភពលោក
ភ្នំពេញ៖ លោកស្រីភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា កម្មវិធី AWE នេះ ជួយបង្កើនភាពជាដៃគូសាកលរឹងមាំ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាព តាមរយៈការបង្ហាញពីគុណតម្លៃ និងតាមរយៈការផ្តល់អំណាចដល់សហគ្រិនស្ត្រីនៅជុំវិញពិភពលោក។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រីភារធារី Bridgette Walker នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមទីមួយដល់ស្ត្រីជាម្ចាស់អាជីវកម្មចំនួន ៣០នាក់ ក្រោមគម្រោងសហគ្រិនស្ត្រី មានឈ្មោះជាអង់គ្លេសថា Academy of Women Entrepreneur (AWE)។ ហើយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងស្ថានទូតអាមេរិក ដើម្បីអបអរសហគ្រិនស្ត្រីក្នុងពិព័រណ៌ AWE BizFest នារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
លោកស្រីភារធារី Walker បានមានប្រសាសន៍ថា AWE បង្ហាញពីស្មារតីនវានុវត្តន៍ និងសហគ្រិនភាពបែបអា មេរិក។ នៅពេលដែលស្ត្រីទទួលបានជោគជ័យសហគមន៍នឹងរីកចម្រើន ហើយវានឹងធ្វើឱ្យសហរដ្ឋអាមេរិក, ប្រទេសកម្ពុជា និងពិភពលោក មានសុវត្ថិភាព ភាពរឹងមាំ និងវិបុលភាពច្រើនជាងមុន។
កម្មវិធី AWE នេះទទួលបានមូលនិធិពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការ Impact Hub Phnom Penh និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ម្ចាស់អាជីវកម្មដ៏ក្លាហានទាំងនេះ បានទទួលការបណ្តុះបណ្តាល និងការគាំទ្រផ្នែកមូលនិធិ ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច តាំងពីកម្មវិធីនេះចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៤។
ពិធីបិទបញ្ចប់វគ្គរៀបចំនៅ Factory Phnom Penh ចូលរួមអបអរដល់អាជីវកម្មជាច្រើន រាប់ពីសេវាផ្នែកបដិស ណ្ឋារកិច្ចដល់ផលិតកម្មស្បៀងអាហារ និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។ អ្នកចូលរួមបានបង្ហាញពីរបៀបដែលពួកគេបានបង្កើតអតិថិជនថ្មី, បង្កើតផែនការអាជីវកម្មប្រកបដោយចីរភាព និងកែលម្អផលិតផលរបស់ពួកគេ។ សហគ្រិនទាំងនោះ ដែលមកពីភ្នំពេញនិងសៀមរាប បានចូលរួមប្រកួតបង្ហាញលើគំនិតអាជីវកម្ម ហើយមានបីនាក់ ទទួលបានមូលនិធិដើម្បីពង្រីកអាជីវកម្មរបស់ពួកគេថែមទៀត។
លោកស្រី ភារធារី Walker និងលោកជំទាវ រដ្ឋ មន្ត្រី ចម និម្មល បានប្រគល់ពានរង្វាន់ចំពោះការបង្ហាញគំនិតអាជីវកម្ម ដែលធ្វើឲ្យគេមានការចាប់អារម្មណ៍បំផុត ជាជំនាញមួយទៀតដែលត្រូវបានបណ្តុះក្នុងកម្មវិធី AWE។
បន្ទាប់ពីចប់ពិធីបិទវគ្គបណ្តុះបណ្តាលនេះ សាធារណជនបានដើរទស្សនាតាមស្តង់ពិព័រណ៍ ដែលស្ត្រីមកពីកម្មវិធី AWE បង្ហាញដាក់តាំងផលិតផល និងបង្ហាញពីសេវាកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ជាមួយនឹងពិព័រណ៍ដែលរៀបចំដោយសមាជិកចូលរួមក្នុងកម្មវិធី AWE ដែលមានការបង្ហាញក្បាច់គុនខ្មែរ ដោយក្លឹប Cambodia Top Team Fight and Fitness Gym, ការបង្ហាញរបាំខ្មែរ ដោយសមាជិកក្រុម Bompay និងការបង្ហាញម៉ូតដែលបង្ហាញពីសម្លៀកបំពាក់, គ្រឿងតុបតែង, ម្សៅ និងអ្នករចនាដែលរៀបចំដោយក្រុមម៉ូដែល Van Brand និង Random Models ជាមួយនឹងការផាត់មុខដោយក្រុមហ៊ុន Revlon និងសេវាកម្មធ្វើសក់ដោយក្រុមហ៊ុន Kate Korpi Salon។
សូមបញ្ជាក់ថា កម្មវិធី AWE គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបំណងផ្តល់អំណាចដល់ស្ត្រីដោយផ្តល់ជាមធ្យោបាយ និងធនធានចាំបាច់សម្រាប់ចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះរួមមានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងអាជីវកម្ម, ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ ព្រមទាំងឱកាសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង៕
អត្ថបទ៖ចេង ឆហួត និងរូបភាព ង៉ាន់ សំណាង