ព័ត៌មានជាតិ

ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ចាត់ទុកពាណិជ្ជកម្មខុសច្បាប់លើផលិតផលក្លែងក្លាយ គឺជាការគំរាមកំហែងដល់សេដ្ឋកិច្ច សុវត្ថិភាពសាធារណៈ និងអាជីវកម្មស្របច្បាប់

image


ភ្នំពេញ៖ លោក កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានមានប្រសាសន៍ថា ពាណិជ្ជកម្មខុសច្បាប់លើផលិតផលក្លែងក្លាយ មិនមែនគ្រាន់តែជាបញ្ហាពាណិជ្ជកម្មតូចតាចនោះទេ ប៉ុន្តែវាគឺជាការគំរាមកំហែងដល់សេដ្ឋកិច្ច សុវត្ថិភាពសាធារណៈ និងអាជីវកម្មស្របច្បាប់ ដោយសង្កត់ធ្ងន់ថា នេះគឺជាសមរភូមិមួយដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតរបស់កម្ពុជា។

ការលើកឡើងបែបនេះរបស់លោក កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងឳកាសអញ្ជើញចូលរួមថ្លែងសន្ទរកថាស្វាគមន៍ក្នុងសិក្ខាសាលាស្តីពី “កិច្ចការពារ ការរំលោភបំពានម៉ាក និងអំពើប្រកួតប្រជែងមិនស្មោះត្រង់” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធីបតីលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ពេជ អង្គ ប្រធានក្រុមការងារពាណិជ្ជកម្មនៃក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមមន្ត្រីពាក់ព័ន្ធ មេធាវី និងនិស្សិត ជាច្រើនរូប។

លោក កង តារាវុធ បានគូសបញ្ជាក់ថា ក្នុងបរិបទនៃធុរកិច្ចបច្ចុប្បន្ន ទាំងធុរកិច្ចក្នុងស្រុក និងធុរកិច្ចអន្តរជាតិ ការរំលោភទៅលើសិទ្ធិនៃម៉ាក ដូចជាការលួចបន្លំ និងក្លែងក្លាយម៉ាកនៃទំនិញ និងសេវាតែងតែកើតមានឡើងជាច្រើន នៅក្នុងពេលដែលការយល់ដឹង និងការអនុវត្តច្បាប់ និងបទដ្ឋាន ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅមានកម្រិត។

លោក បានលើកឡើងថា នាយកដ្ឋានកម្មសិទ្ធិបញ្ញា គឺជាអ្នកការពារនូវគំនិតច្នៃប្រឌិត កិច្ចការពារម៉ាក យីយោ និងទប់ស្កាត់ពាណិជ្ជកម្មខុសច្បាប់លើកម្មសិទ្ធិបញ្ញា ហើយចូលរួមឈរនៅជួរមុខក្នុងការការពារ ប្រឆាំងនឹងផលិតផលក្លែងក្លាយផងដែរ។

ទន្ទឹមនឹងនេះ លោក មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងក្លាយការបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពដល់អ្នកអនុវត្តច្បាប់ ភ្នាក់ងារម៉ាក និងអ្នកវិជ្ជាជីវៈកម្មសិទ្ធិបញ្ញានានាដែលអាចយកទៅអនុវត្តបាន និងពង្រឹងការប្តេជ្ញាចិត្ត ប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់លើកម្មសិទ្ធិបញ្ញានិងការប្រកួតប្រជែងមិនស្មោះត្រង់។

កម្មសិទ្ធិបញ្ញា ជាធាតុផ្សំដ៏សំខាន់ក្នុងការជួយមិនត្រឹមជួយអាជីវករ និងអាជីវកម្មឱ្យមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រដ្ឋ ក្នុងការរៀបចំ និងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍកាន់តែជឿនលឿន តាមរយៈការប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញា និងធាតុផ្សំរបស់កម្មសិទ្ធិបញ្ញា ក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ប្រទេស ទន្ទឹមនឹងពេលដែលប្រទេសនីមួយៗសុទ្ធតែខិតខំប្រឹងប្រែងបំផុតក្នុងវិស័យនេះ។

នៅកម្ពុជា ម៉ាកគឺជាផ្នែកនៃកម្មសិទ្ធិឧស្សាហកម្ម។ វាគឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា នៃសហគ្រាសនីមួយៗ។ ម៉ាកមិនមែនសម្រាប់តែញែកទំនិញនៃសហគ្រាសមួយ ពីសហគ្រាសផ្សេងទេ វាក៏មានមុខងារសំខាន់ៗផ្សេង ទៀតផងដែរ ក្នុងការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនង និងធានាគុណភាពផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា និងបានគូសបញ្ជាក់ពីគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលបានផ្តល់អាទិភាព លើវិស័យចំនួន ៧ រួមមាន៖ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ និងការអប់រំនិងការលើកកម្ពស់ចំណេះដឹងសាធារណៈ។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រទី៥ នៃគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ជូនអង្គសិក្ខាសាលានូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ការបង្កើត យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាតាមរយៈតុលាការពាណិជ្ជកម្ម, ការពង្រឹងការអនុវត្តច្បាប់, កិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ, ការពង្រឹង និងអនុវត្តច្បាប់លើផលិតផលចំណេះដឹងប្រពៃណីនិងផលិតផលវប្បធម៌, ការចាត់វិធានការលើការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព និងម៉ាកវិញ្ញាត្តកម្ម រួមជាមួយ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ល។

នៅក្នុងអំឡុងពេលនៃសិក្ខាសាលានេះ ក៏មានវាគ្មិនជាច្រើនរូប បានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពាក់ព័ន្ធ កិច្ចការពារ ការរំលោភបំពានម៉ាក និងអំពើប្រកួតប្រជែងមិនស្មោះត្រង់ផងដែរ។ ដោយ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកទូទៅទាំងម៉ាកជាកម្មសិទ្ធិឯកជន ឬសហគ្រាស ឬសមាគម។ ទន្ទឹមនោះដែរលោក បានលើកយកការចុះបញ្ជីម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាកដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ដែលល្បីនោះសម្រាប់ទំនិញ ឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។ ឧទាហរណ៍៖ “COCA-COLA” vs. “KOKA-KOLA” vs. “KAUCA-CAULA”។ ចំណុចសំខាន់មួយទៀត វាគ្មិនបានធ្វើបង្ហាញស្តីពីយុទ្ធសាស្ត្រការកសាងកេរ្តិ៍ឈ្មោះម៉ាកដើម្បីពង្រីកអាជីវកម្ម។ វាគ្មិនបានលើកអំពីការងារក្រសួងពាណិជ្ជកម្មដែលកំពុងតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសហការរវាងក្រសួង ស្ថាប័ន និងផ្សារឌីជីថលក្នុងការលុបបំបាត់ទំនិញក្លែងក្លាយនៅផ្សារអនឡាញ។

ចំណែក លោក ពេជ អង្គ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការរំលោភបំពានម៉ាកល្បី និងមិនល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីរួចហើយ និងមាត្រាមួយចំនួនពាក់ព័ន្ធនឹងទោសទណ្ឌព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។ ឯកឧត្តម បានលើកនូវករណីសិក្សាពីអ៊ឺរ៉ុបដែលការរំលោភបំពានលើសិទ្ធិផ្តាច់មុខនៃការចែកចាយ ទំនិញដូចជា ការរំលោភបំពានលើម៉ាកដែលចុះបញ្ជីរួច ហើយទំនិញចែកចាយដែលរំលោភសិទ្ធិផ្តាច់មុខនេះត្រូវចាត់ទុកជាទំនិញក្លែងក្លាយ និងអាចត្រូវរងទោសទណ្ឌព្រហ្មទណ្ឌផងដែរ។

រីឯវាគ្មិនមួយរូបទៀត លោក អ៊ុំ រតនា ទីប្រឹក្សាក្រសួងយុត្តិធម៌ ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការអនុវត្តច្បាប់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនរំលោភបំពានលើផលិតផលសុទ្ធ។ លោក បានលើកពីភាពស្មុគស្មាញនៃនីតិវិធីប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មខុសច្បាប់លើកម្មសិទ្ធិបញ្ហា។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា បទប្បញ្ញត្តិនៅក្នុងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ចែងការដាក់ទោសទណ្ឌព្រហ្មទណ្ឌស្រាលនៅឡើយ ហើយវាគ្មិនបានស្នើសុំការធ្វើគោលនយោបាយជាតិ ក៏ដូចជាច្បាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់កម្មសិទ្ធិបញ្ញាដែលអាចធ្វើឱ្យអ្នកក្លែងបន្លំផលិតផលរអានឹងច្បាប់។

សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយនាយករដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពលើវិស័យកម្មសិទ្ធិបញ្ញា ជូនសាធារណជន និងនិស្សិត ការលើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្តវិស័យកម្មសិទ្ធិបញ្ញា នីតិវិធីចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាក ការជំរុញឱ្យយុវជនយល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ជូន មេធាវី សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបៀលប្រាយ និងពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរផងដែរ៕