ព័ត៌មានអន្តរជាតិ

លោកហ្សេលែនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនធ្វើការជាមួយសហរដ្ឋអាម៉េរិក និងអឺរ៉ុបដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) កាលពីថ្ងៃអង្គារ បានថ្លែងថា «អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហរដ្ឋអាម៉េរិក ជាពិសេសជាមួយប្រធានាធិបតីត្រាំ (Trump) និងជាមួយបណ្តាប្រទេសអឺរ៉ុប ដើម្បីឈានទៅមុខលើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាម»។ លោកបន្ថែមទៀតថា លោកត្រៀមជួបជាមួយលោកត្រាំ (Trump) ហើយសង្កត់ធ្ងន់ថា «បញ្ហារសើបមួយចំនួននៅតែត្រូវការលើកយកមកពិភាក្សា ដោយអាចមានវត្តមានមេដឹកនាំអឺរ៉ុប» ។

លោកហ្សេលែនស្គី (Zelensky) បានថ្លែងជាបន្តដោយធ្វើការអរគុណដល់មេដឹកនាំអឺរ៉ុបដែលឈរនៅជាមួយអ៊ុយក្រែន ហើយលោកបានលើកឡើងទៀតថា រាល់ការសម្រេចចិត្តទាក់ទងនឹងសន្តិសុខរបស់អ៊ុយក្រែន ត្រូវតែមានការចូលរួមពីអ៊ុយក្រែន ។

លោកបានសង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តដែលធ្វើឡើងដោយគ្មានការចូលរួមពីប្រទេសអ៊ុយក្រែន តែងតែបរាជ័យ ហើយលោកបានកោតសរសើរចំពោះសាមគ្គីភាពដែលបង្ហាញនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅឯទីក្រុងហ្សឺណែវ ព្រមទាំងជំរុញឱ្យដៃគូទាំងអស់បន្តធ្វើការយ៉ាងពេញទំហឹងនិងសកម្ម ។

បន្ថែមពីនេះ លោកហ្សេលែនស្គី បានរំឭកដល់អ្នកគ្រប់គ្នាថា «សង្គ្រាមរបស់រុស្ស៊ីនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយមានការវាយប្រហារថ្មីៗដែលបានសម្លាប់ប្រជាជនអ៊ុយក្រែនជាបន្តបន្ទាប់ ដូចនេះអ៊ុយក្រែននៅតែត្រូវការការគាំទ្រផ្នែកការពារជាតិ និងសន្តិសុខ ប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំ ទណ្ឌកម្មលើរុស្ស៊ី និងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កកទុករបស់រុស្ស៊ី ដើម្បីជួយអ៊ុយក្រែន» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ NDTV/ Pixabay