ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ៖ លោកកំពុងតែធ្វើការលើដំណោះស្រាយចុងក្រោយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

image


សហរដ្ឋអាម៉េរិក៖ អំឡុងពិធីដោះលែងសត្វបក្សីទួរគីនៅក្នុងពិធីបុណ្យ Thanksgiving ក្នុងសេតវិមានកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា «លោកកំពុងតែធ្វើការលើដំណោះស្រាយចុងក្រោយដើម្បីបញ្ចប់សង្គ្រាម» ដែលសំដៅដល់កិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែន ។

មេដឹកនាំកំពូលរបស់សហរដ្ឋអាម៉េរិករូបនេះ បានថ្លែងជាបន្តទៀតថា ទោះបីជាដំណើរការនេះមានការលំបាកក៏ដោយ ប៉ុន្តែលោកជឿថា សហរដ្ឋអាម៉េរិកកំពុងខិតជិតដល់កិច្ចព្រមព្រៀងថ្មីមួយហើយ ដោយកោតសរសើរថា រដ្ឋបាលរបស់លោកបានពន្លឿនកិច្ចការចរចាដ៏លំបាកនេះយ៉ាងឆាប់រហ័ស ។

របាយការណ៍នៅសហរដ្ឋអាម៉េរិក បង្ហាញថា អ៊ុយក្រែនបានយល់ព្រមលើសំណើដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ។ ទន្ទឹមនឹងនោះ រុស្ស៊ី និយាយថា ខ្លួនមិនទាន់បានទទួលផែនការបច្ចុប្បន្នភាពចុងក្រោយណាមួយពីសហរដ្ឋអាម៉េរិក ឬអ៊ុយក្រែននៅឡើយទេ ខណៈការចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានបន្តពេញមួយចុងសប្តាហ៍ដើម្បីកែសម្រួលសំណើដើម ។

មានសេចក្ដីរាយការណ៍ថា ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសំណើដើមរបស់សហរដ្ឋអាម៉េរិក រួមមានលក្ខខណ្ឌដែលអ៊ុយក្រែនត្រូវលះបង់ទឹកដីសំខាន់ៗ កាត់បន្ថយកម្លាំងយោធា យល់ព្រមមិនចូលរួមជាមួយអង្គការ NATO និងរៀបចំការបោះឆ្នោត ខណៈដែលរុស្ស៊ីអាចទទួលបានការស្វាគមន៍ឱ្យចូលក្នុងឆាកអន្តរជាតិវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ NDTV/ Aaron Schwartz via UPI