ព័ត៌មានអន្តរជាតិ

ព្យុះ Verbena នាំឱ្យអាជ្ញាធរហ្វីលីពីនជម្លៀសប្រជាជនជាង ៤ពាន់នាក់ក្នុងទីក្រុង Cebu ត្រឹមរយៈពេលមួយយប់

image


ហ្វីលីពីន៖ ព្យុះត្រូពិចវើប៊ីណា (Verbena) បានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងទីក្រុងសេប៊ូ (Cebu) ដែលតម្រូវឱ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន កាលពីដើមសប្ដាហ៍នេះ។ ផ្លូវថ្នល់ និងផ្ទះសម្បែងនៅក្នុងតំបន់នានា ដូចជាតំបន់កាកា (Carcar) ត្រូវទឹកជន់លិច ហើយអ្នកខ្លះនិយាយថា ទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេបានហូរទៅតាមទឹកអស់ហើយ ។

បន្ថែមពីនេះ ទឹកជំនន់ក៏បានជន់លិចចូលទៅក្នុងមន្ទីរពេទ្យខេត្តសេប៊ូផងដែរ ដោយបង្ខំឱ្យបុគ្គលិកពេទ្យត្រូវផ្លាស់ប្តូរអ្នកជំងឺ និងសម្ភារៈទៅកាន់ទីកន្លែងមានសុវត្ថិភាព ។

ក្នុងរយៈពេលត្រឹមមួយយប់នៅក្នុងទីក្រុងសេប៊ូ មានប្រជាជនជាង ៤,៧០០នាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមជ្ឈមណ្ឌលជម្លៀសសរុបចំនួន ៥៧ ទីតាំងបានបើកដំណើរការនៅទូទាំងទីក្រុង ស្របពេលមណ្ឌលសុខភាពទាំងអស់កំពុងតាមដានយ៉ាងសកម្ម ដើម្បីត្រៀមផ្ដល់ជំនួយចាំបាច់ ។

ទន្ទឹមនឹងនោះ អាជ្ញាធរបានដាក់ទីក្រុងទាំងមូលឱ្យស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្នពេញលេញ ដោយមានបុគ្គលិកសង្គ្រោះបន្ទាន់ប្រមាណជា ១៥០នាក់ត្រៀមខ្លួនសម្រាប់ផ្ដល់ជំនួយ។ ទីភ្នាក់ងារឧតុនិយមប៉ាកាសា (PAGASA) របស់ហ្វីលីពីន បានរាយការណ៍ថា ព្យុះវើប៊ីណា (Verbena) បានកើនកម្លាំងឡើងជាព្យុះត្រូពិច ជាមួយនឹងល្បឿនខ្យល់បក់បោកកាន់តែខ្លាំង ដោយបន្តដំណើរឆ្ពោះទៅកាន់កោះប៉ាឡាវ៉ាន់ (Palawan)។ គិតត្រឹមពេលធ្វើរបាយការណ៍បឋមនោះ បញ្ជាក់ថាមានមនុស្សម្នាក់បានស្លាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Cebu Daily News | រូបភាព-Photo៖ VIORY/ Coast Guard Station Negros Oriental/ Gulf News/ CDN