ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ហៅលោកត្រាំថាជាមិត្តដ៏ជិតស្និទ្ធ ស្របពេលកំពុងមានភាពតានតឹងជាមួយចិន

image


ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា «លោកស្រី និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពិភាក្សាតាមទូរសព្ទអំពីការពង្រឹងសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាម៉េរិក និងបញ្ហាផ្សេងៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

លោកស្រីបានថ្លែងជាបន្តទៀតថា លោកត្រាំ (Trump) បានហៅលោកស្រីថាជាមិត្តដ៏ជិតស្និទ្ធ ហើយបានប្រាប់លោកស្រីថា លោកស្រីអាចទូរសព្ទទៅលោកបានគ្រប់ពេល។ ការសន្ទនារបស់មេដឹកនាំទាំងពីរបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកត្រាំ (Trump) បានទូរសព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) អំពីបញ្ហាអ៊ុយក្រែន សារធាតុហ្វេនតាណុល និងរឿវរ៉ាវនៅតៃវ៉ាន់ ។

លោកស្រីតាកាអ៊ីឈិ (Takaichi) បានលើកឡើងដែរថា កិច្ចពិភាក្សារបស់លោកស្រីជាមួយលោកត្រាំ (Trump) ក៏បានចូលទៅកាន់ប្រធានបទនៃកិច្ចសន្ទនារបស់លោកត្រាំ ជាមួយលោកស៊ីផងដែរ ប៉ុន្តែលោកស្រីមិនបានចែករំលែកព័ត៌មានលម្អិតនោះទេ ដោយសារតែនោះជាកិច្ចការទូត ។

ក្នុងពេលដំណាលគ្នា រដ្ឋមន្រ្តីទទួលបន្ទុកគណៈរដ្ឋមន្រ្តីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានអះអាងសារជាថ្មីថា គោលជំហររបស់ជប៉ុនចំពោះប្រទេសចិនមិនបានផ្លាស់ប្តូរនោះទេ ហើយជប៉ុននឹងបន្តជំរុញឱ្យចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដោយផ្អែកលើទំនុកចិត្តជាមួយសហរដ្ឋអាម៉េរិក ។

គួររម្លឹកថា ភាពតានតឹងរវាងជប៉ុនជាមួយនឹងប្រទេសចិនបានកើនឡើង បន្ទាប់ពីលោកស្រី តាកាអ៊ីឈិ (Takaichi) បានមានប្រសាសន៍កាលពីមុនមកថា យោធាជប៉ុន អាចនឹងឆ្លើយតប ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធាដើម្បីប្រឆាំងតៃវ៉ាន់ ដោយនាំឱ្យមានកំហឹងរវាងភាគីទាំងពីរ ដែលឈានដល់ការព្រមានអំពីការធ្វើដំណើរ និងការលុបចោលកិច្ចប្រជុំនយោបាយរវាងជប៉ុន និងចិនជាដើម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ PBS News