ខេត្តណារ៉ាធីវ៉ាត់ ប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈ ក្រោយទឹកជំនន់កាត់ផ្ដាច់បណ្ដាញផ្គត់ផ្គង់ប្រេងនៅហាតយ៉ៃ
ថៃឡង់ដ៍៖ មន្ត្រីថាមពលខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ លោក ឆៃយ៉ា ស៊ីយ៉ាឈីប (Chaiya Siyacheep) នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកានេះ បានរាយការណ៍អំពីស្ថានភាពទឹកជំនន់នៅទីក្រុងហាតយ៉ៃ (Hat Yai) ដោយបញ្ជាក់ថា ផ្លូវដឹកជញ្ជូនសម្រាប់រថយន្តដឹកប្រេងត្រូវបានកាត់ផ្តាច់ទាំងស្រុង ។
ជាងនេះទៀត មន្ត្រីដដែលរូបនេះបានរៀបរាប់ដែរថា ប្រសិនបើទឹកជំនន់មិនស្រកចុះក្នុងរយៈពេល ១ ទៅ ២ថ្ងៃទៀតនោះទេ តំបន់នេះនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ។
ខណៈដែលស្ថានីយប្រេងឥន្ធនៈទាំង៤២ទីតាំង នៅក្នុងខេត្តណារ៉ាធីវ៉ាត់ នៅតែបើកដំណើរការនិងចែកចាយប្រេងនៅថ្ងៃនេះ វិបត្តិទឹកជំនន់ដ៏ធំនៅក្នុងខេត្តសុងក្លា (Songkhla) ដែលជាទីតាំងស្តុកប្រេង បានធ្វើឱ្យរថយន្តដឹកជញ្ជូនប្រេងមិនអាចធ្វើដំណើរទៅដល់តំបន់នោះបានទេ ដូចនេះហើយអាជ្ញាធរខេត្តគ្រោងនឹងបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះឱ្យបានលឿន ។
គួររម្លឹកថា ទីក្រុងហាតយ៉ៃ ខេត្តសុងក្លាដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ កំពុងតែរងគ្រោះដោយសារតែគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរពុំធ្លាប់មានប្រហែល ៣០០ឆ្នាំមកហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Khaosod English