ជនសង្ស័យ ៩នាក់ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួន ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន
មណ្ឌលគិរី៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤ទីតាំង ក្នុងភូមិសាស្ត្រ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី រួមទាំងការចូលរួមពីអាជ្ញាធរមូលដ្ឋាន។
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចថា កម្លាំងនគបាលជំនាញ បានធ្វើការបង្រ្កាបទីតាំងទី១ (ថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ១៤:៥៦នាទី នៅរោងចាំចម្ការ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាប។ លទ្ធផល មុខសញ្ញាឈ្មោះ ឯល យូសុះ ភេទប្រុស អាយុ ៤២ឆ្នាំ (រស់នៅភូមិឆ្នែង) បានរត់គេចខ្លួនចូលព្រៃបាត់។ បន្ទាប់មកកម្លាំងជំនាញបានឆែកឆេរ និងដកហូតបាន ឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ទីតាំងទី២ ថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង ២១:២៣ នាទី នៅរោងឡានរបស់ឈ្មោះ ណយ សឹង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម។ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងជំនាញបានចុះបង្ក្រាប ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់ (ភេទប្រុស) និងដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់។
ទីតាំងទី៣ (ថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង ៩:២០នាទី) នៅរោងចាំចម្ការរបស់ឈ្មោះ លី ម៉ារី ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ដោយមានចម្លើយសារភាពពីជនសង្ស័យ កម្លាំងជំនាញបានបន្តនីតិវិធីចុះបង្ក្រាប ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៣នាក់ (ភេទប្រុស) និងដកហូតបានថ្នាំញៀនចំនួន ១១កញ្ចប់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានឈ្មោះ ហ៊ីម ឡៃ ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ៣ដីកា។
ចំណែក ទីតាំងទី៤ (ថ្ងៃទី២៥ ខែវិច្ឆិកា) នៅរោងរបស់ឈ្មោះ សាន សារី (ហៅ ថា) ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ភេទប្រុស) និងដកហូតបានអាវុធកែច្នៃចំនួន ៦ដើម។
យោងតាមរបាយការណ៍សមត្ថកិច្ចសរុបលទ្ធផល និងវត្ថុតាងដកហូតបានក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចំនួន ៤ ទីតាំងខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប: ៩នាក់ (ភេទប្រុស)។ វត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)សរុប ១៨កញ្ចប់ (៦ កញ្ចប់ធំល្មម, ១២កញ្ចប់តូច) មានទម្ងន់សរុប ៧១.១០ក្រាម (ថ្លឹងទាំងសំបក) អាវុធកែច្នៃ ៧ដើម។ ម៉ូតូ៣គ្រឿង ទូរសព្ទ៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង កន្ត្រៃ៣ កាបូបស្ពាយពណ៌ខ្មៅ១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ កំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ប៊ុត សុភ័ក្រ