គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បណ្តាលឱ្យមនុស្ស៣៦នាក់រងគ្រោះ រយៈពេល១០ខែ ឆ្នាំ២០២៥
សៀមរាប៖ យោងតាមរបាយកាណ៍អាជ្ញាធរមីន បានបង្ហាញថា គិតចាប់ពីខែមករា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ មានមនុស្ស ៣៦នាក់ បានរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ១៧នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ១៩នាក់ ចំនួននេះធៀបនឹងឆ្នាំ២០២៤ មានការថយចុះ ៩ករណី។
ប្រភពដដែលបានឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០២៥ បានបោសសម្អាតផ្ទៃដី ៣៥០២ លានម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួនជាង ១២០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៦៩៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣២៣ម៉ឺនគ្រាប់។
សមិទ្ធផលដែលសម្រេចបាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា បានមកពីការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ និងជំរុញឲ្យមានការខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។
អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ លើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន) ដែលបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តកសាងនូវសមិទ្ធផលសកម្មភាពមីនថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្ថែមលើសមិទ្ធផលសម្រេចបានកន្លងមក។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា គោលដៅរបស់អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឱ្យអស់ពីទឹកដីរបស់កម្ពុជា ដើម្បីរួមចំណែកផ្តល់សុខសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ផ្តល់សេចក្តីថ្លៃថ្នូរ និងផ្តល់សេរីភាពរួចផុតពីការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានោះ លោក លី ធុជ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរវិជ្ជមានជាប្រចាំ មានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ផ្តោតលើការងារឱ្យបានហ្មត់ចត់ និងបង្កលក្ខណៈឱ្យមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់។ ជាងនេះទៅទៀត ដើម្បីឱ្យអង្គភាពដំណើរការបានល្អ និងទទួលជោគជ័យ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីនបន្តកិច្ចខិតខំប្រឹងប្រែង និងរៀបចំនូវគំនិតផ្តួចផ្តើម, ត្រូវមានគោលជំហរ និងគោលការណ៍ច្បាស់លាស់, ផ្តល់ការជឿទុកចិត្តលើការសម្រេចចិត្ត និងការវិនិច្ឆ័យ, ត្រូវផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ, ត្រូវនាំមកនូវសាមគ្គីភាព និងការយោគយល់គ្នា, ផ្តោតលើដំណោះស្រាយជាជាងលើបញ្ហា និងត្រូវមានកិច្ចសន្ទនាបើកចំហរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ដែលបានលះបង់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រេចឱ្យបាននូវសមិទ្ធផលសកម្មភាពមីនគួរឱ្យកត់សម្គាល់នាពេលកន្លង និងបន្តឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”៕
អត្ថបទ៖ ជា ស្រស់