ព័ត៌មានជាតិ

យុទ្ធនាការ «ភ្នំពេញស្អាត»ត្រឡប់មកវិញឆ្នាំ២០២៥ ក្រោមប្រធានបទ«ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

image


ភ្នំពេញ៖ យុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២៥ បានវិលត្រឡប់មកវិញ ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមាន និងទទួលថាមពលវិជ្ជមានថ្មីៗ ដោយផ្តោតលើគោលការណ៍ “ខ្មែរស្អាត” ក្រោមប្រធានបទ៖ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង៖ ៦៖០០ល្ងាច ពហុកីឡដ្ឋានជាតិអូឡាំពិក។

យុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលគម្រោង«ស្អាត» លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការសម្តែងធម្មទេសនា ដោយព្រះភិក្ខុវជិរបញ្ញោ គូ សុភាព និងការចូលរួមជាវាគ្មិនកិត្តិយសដោយលោក នឹម ឈុន្នី រួមទាំងយុវជន ក្រុមគ្រួសារ និងអ្នកជំនាញរាប់ពាន់នាក់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការមួយដ៏ពិសេស ដែលផ្តល់ឱកាសសមាធិ លើកទឹកចិត្ត និងចែកចាយថាមពលវិជ្ជមាន។ ក្នុងគោលបំណង បង្កើនចិត្តស្អាត និងការគិតវិជ្ជមាន, ផ្ដល់ថាមពលវិជ្ជមានចំពោះយុវជន, ពលរដ្ឋ និងសង្គមទាំងមូល និងជួយស្ដារឡើងវិញសភាពស្ងប់ស្ងាត់ និងសេចក្ដីសង្ឃឹម។

គួរបញ្ជាក់ថា គម្រោង «ស្អាត» គឺជាគម្រោងសហប្រតិបត្តិការរវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិ ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានបំណងកែលំអបរិស្ថាន និងសោភ័ណភាពនៅរាជធានីភ្នំពេញ។ គម្រោងនេះផ្តោតលើគោលការណ៍ “ខ្មែរស្អាត” ដែលរួមមាន៖ ចិត្តស្អាត, គ្មានអាក្រក់, ស្មោះត្រង់ និងស្រឡាញ់ធម្មតា ប្រតិបត្តិស្អាត, តាមសីលធម៌ និងធ្វើអ្វីដែលត្រឹមត្រូវ និងអាកប្បកិរិយាស្អាត គោរពច្បាប់សីលធម៌នៃសង្គម និងការគោរពអ្នកដទៃ៕