មីយ៉ាន់ម៉ា គ្រោងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំក្រោយ ឬឆ្នាំ ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស
មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ា មានផែនការចាប់ផ្តើមនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំក្រោយ ឬនៅឆ្នាំ ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស និងពង្រឹងឧស្សាហកម្មទុរេនរបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសនេះកំពុងចុះបញ្ជីជាមួយអាជ្ញាធរគយរបស់ប្រទេសចិន ហើយកំពុងរៀបចំទាំងផលិតផលទុរេនស្រស់ និងកែច្នៃ ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ (Xinhua) កាលពីពេលថ្មីៗនេះ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញទុរេន លោក ខ្យ មីន (Kyaw Min) បានលើកឡើងថា ខ្លួនចង់បានអ្នកវិនិយោគ និងអ្នកជំនាញបរទេសមកជួយមីយ៉ាន់ម៉ាកែលម្អដំណើរការកែច្នៃទុរេនបន្ថែមទៀត។ នៅពេលការនាំចេញចាប់ផ្តើម ប្រទេសនេះរំពឹងថានឹងទទួលបានប្រភពប្រាក់ចំណូលថ្មីដ៏សំខាន់ពីផ្លែទុរេន ។
នាពេលបច្ចុប្បន្ន ប្រទេសចិន គឺជាអ្នកទិញទុរេនធំជាងគេបំផុតនៅលើពិភពលោក ដោយនៅក្នុងឆ្នាំ ២០២៣ ចិនបានទិញទុរេនចំនួន ១៥,៦ លានតោន ដែលគិតជាតម្លៃមានរង្វង់ប្រមាណជា ៦,៩៩ ពាន់លានដុល្លារអាម៉េរិក ហើយផ្លែទុរេនភាគច្រើនមានប្រភពមកពីប្រទេសថៃ និងវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការរបស់ចិនបានធ្លាក់ចុះនៅឆ្នាំនេះ ដោយការនាំចូលបានថយចុះ ១៥% នៅក្នុងឆមាសទីមួយ ។
ទន្ទឹមនឹងនោះ កត្តាប្រកួតប្រជែងនៅក្នុងតំបន់កំពុងកើនឡើង ដោយក្នុងនោះ កម្ពុជាទទួលបានឱកាសក្នុងការដឹកជញ្ជូនទុរេនជាលើកដំបូងរបស់ខ្លួនទៅកាន់ទីផ្សារចិននៅក្នុងខែកក្កដា ខណៈឡាវ និងឥណ្ឌូណេស៊ីក៏មានផែនការដូចគ្នាក្នុងការចាប់យកចំណែកទីផ្សារចិនដោយផ្ទាល់។ ការណ៍នេះ បានបង្កើនសម្ពាធដល់អ្នកផ្គត់ផ្គង់ថ្មីៗ ដូចជាមីយ៉ាន់ម៉ាជាដើម ។
បច្ចុប្បន្នមីយ៉ាន់ម៉ា មានដីសម្រាប់ដាំទុរេនប្រមាណជា ២៤,២៨១ ហិចតា ជាពិសេសនៅតំបន់នៃទីក្រុងយ៉ាំងហ្គោន (Yangon) រដ្ឋកាយីន (Kayin) រដ្ឋមន (Mon) តំបន់តានីនថាយី (Tanintharyi) តំបន់បាហ្គូ (Bago) និងតំបន់អេយ៉េយ៉ាវ៉ាឌី (Ayeyarwady) ខណៈរដូវប្រមូលផលផ្លែទុរេន ចាប់ផ្ដើននៅចន្លោះខែឧសភាដល់ខែកក្កដា ។
គួររម្លឹកថា ស្របពេលមីយ៉ាន់ម៉ាមានគម្រោងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិ អ្នកជំនាញឯណោះវិញ និយាយថា ការអភិវឌ្ឍឧស្សាហកម្មទុរេននឹងជួយដល់ប្រជាកសិករ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Star/ VN Express | រូបភាព-Photo៖ The Star/ VN Express/ Asiafruit/ in.pinterest