ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី កើនឡើងដល់ទំហំខ្ពស់បំផុត ២៤៥ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៤

image


ចិន-រុស្ស៊ី៖ ថ្លែងចេញពីរដ្ឋធានីប៉េកាំង អំឡុងចូលរួមនៅក្នុងវេទិកាធុរកិច្ចថាមពលកាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូស្នេត (Rosneft) របស់រុស្ស៊ី លោក អ៊ីហ្គោ សេជីន (Igor Sechin) បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើងដល់កម្រិតកំណត់ត្រាក្នុងទំហំប្រមាណជា ២៤៥ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤ ។

ខណៈមន្ត្រីរុស្ស៊ី និងចិនបានផ្លាស់ប្តូរការស្វាគមន៍គ្នាទៅវិញទៅមកមុនពេលចាប់ផ្ដើមព្រឹត្តិការណ៍ លោកសេជីន (Sechin) បានថ្លែងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏កំពូលរបស់រុស្ស៊ី ខណៈរុស្ស៊ីគឺជាដៃគូដ៏ធំលំដាប់ទីបួនរបស់ចិន ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌើ នូវ៉ាក់ (Alexander Novak) បានបន្ថែមទៀតថា ជាងមួយភាគបីនៃទំហំពាណិជ្ជកម្មសរុបទាំងអស់បានមកពីវិស័យប្រេងឥន្ធនៈ និងថាមពល។ លោកបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មមានត្រឹមតែប្រមាណជា ១០៨ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះក្នុងឆ្នាំ ២០១៨ ដែលបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏ធំ ។

ឧបនាយករដ្ឋមន្ត្រីចិន លោក ទីង ស៊ូស៊ាំង (Ding Xuexiang) បានថ្លែងថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងលោកស៊ី (Xi) និងប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពុទីន (Vladimir Putin) ហើយនឹងធ្វើការលើគម្រោងសហប្រតិបត្តិការថ្មីៗ ។

គួររម្លឹកថា វេទិកាធុរកិច្ចថាមពលរុស្ស៊ី-ចិន បានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ដោយមានគោលបំណងបង្កើនកិច្ចសន្ទនា អភិវឌ្ឍគម្រោងថាមពលរួមគ្នា និងទាក់ទាញការវិនិយោគរវាងប្រជាជាតិទាំងពីរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ atlanticcouncil/ Shutter stock