ក្រសួងបរិស្ថាន បើក«វេទិកាកេសរកូលជាតិលើកទី៥» ដែលមានការតាំងបង្ហាញពីប្រភេទកេសរកូលជាច្រើនប្រភេទ រួមទាំងផលិតផលជីវៈចម្រុះ រយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគួរពាក់ព័ន្ធ បានបើក«វេទិកាកេសរកូលជាតិលើកទី៥» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ គំនូរកេសរកូល រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត។ វេទិកាកេសរកូលនេះក៏មានការផ្តល់ប័ណសរសើរដល់បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រកួតគំនូរពណ៌ទឹកកេសរកូល ផងដែរ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតវេទិកាកេសរកូលជាតិលើកទី៥ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ទាំងអស់គ្នាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហការក្នុងការរៀបចំអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលក្រសួងបរិស្ថានបានផ្តួចផ្តើមបង្កើតឡើងនៅជើងភ្នំគូលែន ខេត្តសៀមរាបកន្លងមក ដែលជាការបោះជំហានថ្មីថែមមួយកម្រិតទៀតរវាងក្រសួងបរិស្ថានកម្ពុជា ជាមួយភាគីពាក់ព័ន្ធទាំងអស់បន្ថែមពីលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងវិស័យជាច្រើនទៀតដែលមានស្រាប់។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ដោយមើលឃើញនូវការជួញដូរកេសរកូលទៅប្រទេសជិតខាង និងយោងលើសារសំខាន់របស់កេសរកូល រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ឡើងក្នុងឆ្នាំ២០១៩ លើកកម្ពស់ការសិក្សាស្រាវជ្រាវ អភិរក្សកេសរកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃកេសរកូល និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាកម្សាន្ត ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រភេទកេសរកូលព្រៃ ត្រូវបានគេសិក្សា និងកត់ត្រាបានជាង៤០០ប្រភេទ ហើយរំពឹងថា អាចលើសពី ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានប្រមូលសំណាកប្រមាណ ៥០០០សំណាក ស្មើនឹងជាង ២០០ប្រភេទ និងបានកំណត់បញ្ជាក់អត្តសញ្ញាណ និងកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៩ប្រភេទ ដែលក្នុងនោះបានបញ្ជូនសំណាកចំនួន ៥០ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងចុះបញ្ជីធនធានពន្ធុ។
ក្រុមការងារនៃមជ្ឈមណ្ឌល និងនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន កំពុងបន្តសិក្សាស្រាវជ្រាវ និងប្រមូលប្រភេទកេសរកូលព្រៃសំខាន់ៗ និងកម្រតាមតំបន់ខុសៗគ្នានៅទូទាំងប្រទេសបន្ថែមទៀតដើម្បីរក្សាទុក និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សគ្រប់ជំនាន់បានស្គាល់ពីភាពសម្បូរបែប និងគុណតម្លៃ នៃកេសរកូលព្រៃកម្ពុជា៕