សភាពាណិជ្ជកម្មកម្ពុជា រួមជាមួយដៃគូពាក់ព័ន្ធ បើកការបណ្ដុះបណ្ដាលពីយុទ្ធសាស្រ្ដក្នុងការសរសេរផែនការលក់ និងការធ្វើទីផ្សារអាជីវកម្ម ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដល់ម្ចាស់អាជីវកម្ម និងសហគ្រាស ប្រមាណ ១០០នាក់
ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក បានបើកការបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្ដក្នុងការសរសេរផែនការលក់ និងការធ្វើទីផ្សារអាជីវកម្ម ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា”។ កម្មវិធីនេះ មានការចូលរួមពីលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate Technology និងលោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានរយៈពេលមួយថ្ងៃពេញ ក្នុងគោលបំណងសំខាន់ដើម្បីបង្កើនចំណេះដឹងបន្ថែមជូនដល់ពាណិជ្ជករអាជីវករ សមាគម និងសមាជិកសមាជិកាទាំងអស់ ដែលជាម្ចាស់អាជីវកម្ម និងសហគ្រាស សរុបប្រមាណ ១០០ នាក់ អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់ក្នុងការរៀបចំផែនការលក់ និង ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតសំណើលក់ ដែលត្រឹមត្រូវ មានប្រសិទ្ធភាព និងទាក់ទាញ ។
តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោក សុខ សុភមង្គល ដែលជាសហស្ថាបនិក នាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology បានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អាជីវកម្ម មូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការលក់ និងការធ្វើទីផ្សារអាជីវកម្មឱ្យមានប្រសិទ្ធភាព ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) សម្រាប់បង្កើតយុទ្ធសាស្រ្ដក្នុងការធ្វើទីផ្សារ តាមរយៈការកំណត់អតិថិជនគោលដៅបានត្រឹមត្រូវ និងវិភាគព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
យោងតាមរបាយការណ៍បង្ហាញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ទីផ្សារ Al សកល បច្ចុប្បន្ននេះ មានតម្លៃ ១៩៧ពាន់លានដុល្លារ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញថា នឹងឈានដល់ ១,៨ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ដែលមានការកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំសរុប (CAGR) ៣៧,៣% ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣០។
សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។
កម្មវិធីបណ្ដុះបណ្ដាលនេះ ទទួលបានការឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕