ព័ត៌មានជាតិ

កម្ពុជាស្នើដល់អង្គការUNESCO ឲ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត

image


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ លោក khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងវប្បធម៌ និងធម្មជាតិនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោកស្រី ភឿង សកុណា ក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ នាពេលកន្លងមក។ បន្ថែមលើនេះ លោកស្រីរដ្ឋមន្ត្រីបានរម្លឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះលោកស្រីបានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។

កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម៕