ព័ត៌មានជាតិ

លទ្ធផលនៃការស៊ើបអង្កេតបឋមបង្ហាញថា ការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ គឺដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស

image

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញ ស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចេញផ្សាយនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកានេះ បានឱ្យដឹងថា លទ្ធផលនៃការស៊ើបអង្កេតបឋមក្នុងបទបង្ហាញ ការបាញ់ប្រហារដោយកងកម្លាំងថៃ គឺដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរង របួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ នេះគឺជាលទ្ធផលនៃការស៊ើប អង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន (AOT)។

លោកស្រីរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកស្រីបានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងដាច់អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី ហើយបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដែលប្រទេសថៃបានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទះ នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលពួកគេចូល ទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣៕

អត្ថបទ៖ សន ពិសិដ្ឋ