ព័ត៌មានជាតិ

ខេត្តកែប បន្តជំរុញអភិវឌ្ឍន៍សហគមន៍នេសាទទាំង៥ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវារីវប្បកម្ម

image


កែប៖ ខេត្តកែបមានសហគមន៍នេសាទចំនួន៥ រួមមានអូរក្រសារ ភូមិថ្មី កំពង់ត្រឡាច កែប និងសហគមន៍នេសាទអង្កោល។ សហគមន៍ទាំងនេះមានសក្តានុពលធម្មជាតិ និងធនធានសមុទ្រដ៏ច្រើន ដែលអាចបង្កើនចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចតំបន់។ ទោះជាយ៉ាងណា ការអភិវឌ្ឍន៍នៅតែជួបលំបាក ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធខ្លះៗ ដូចជាផ្លូវចូល ចំណតយានយន្ត និងបន្ទប់ទឹកជាដើម។
ក្នុងអំឡុងពេលចុះពិនិត្យបណ្តាទីតាំងសហគមន៍ទាំង៥ ជាមួយអ្នកពាក់ព័ន្ធ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប មានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់ពីសំណាកថ្នាក់ដឹកនាំ ថ្នាក់ជាតិ ជាពិសេសអភិបាលខេត្តកែប បានខិតខំជំរុញធ្វើយ៉ាងណាអោយគ្រប់បណ្តាសហគមន៍ទាំងអស់ មានភាពប្រសើរជាងនេះ។
ក្នុងនោះការចុះជួបជាមួយបណ្តាសហគមន៍នាពេលនេះ យើងបានដាក់ចេញយន្តការពីរចំណុច សម្រាប់អភិវឌ្ឍន៍សហគមន៍ទូទាំងខេត្តកែប ទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ចំណតយានយន្ត និងបន្ទប់ទឹក និងទី២ គឺពិនិត្យលើលទ្ធភាពក្នុងការចិញ្ចឹមគ្រឿងសមុទ្រ ពិសេសត្រីឆ្ពង់ គ្រែងឈាម ក្តាមថ្ម ក្តាមសេះ ជាដើម ដែលទាំងនេះសុទ្ធតែមានតម្រូវការខ្ពស់លើទីផ្សារ។
លោកបន្តថា ជាមួយយន្តការទាំង ២ចំណុចនេះ តាមរយៈលោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប លោកកំពុងផ្តោតការយកចិត្តទុកដាក់លើរឿងនេះ ដោយលោកគាំទ្រទាំងស្មារតីនិងថវិកា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី។
ជាមួយគ្នានេះលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកក៏នឹងជួយគាំទ្រលើការងារបច្ចេកទេសផងដែរ។
ជំហាននេះគឺជាការកែច្នៃបន្ថែមនូវភោគផលដែលធម្មជាតិបានផ្តល់មកអោយខេត្តកែប គេរំពឹងថា ការរយៈការជំរុញនូវការធ្វើវារីវប្បកម្ម បន្ថែមពីលើអ្វីដែលសហគមន៍កំពុងមានស្រាប់នឹងអាច បង្កើនចំណូលគ្រួសាររបស់ប្រជាសហគមន៍ និងឈានទៅកាន់បន្ថយការនាំចូលផលនេសាទពីតំបន់ផ្សេង។ បន្ថែមពីនោះតាមរយៈការកែលំអ និងស្ថាបនាបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ នោះនឹងអាចទាក់ទាញអ្នកទេសចរអោយចូលមកលេងកម្សាន្តនៅតាមបណ្តាសហគមន៍ ដែលនេះក៏ជាចំណូលបន្ថែមសម្រាប់សហគមន៍ផងដែរ៕
អត្ថបទ៖ ង៉ុង សាន់