Update: អ្នកស្លាប់កើនដល់ ៤៤នាក់ និង២៧៩នាក់បាត់ខ្លួន ក្រោយអគ្គិភ័យដ៏សាហាវឆាបឆេះអគារក្នុងទីក្រុងហុងកុង ខណៈមនុស្ស៣នាក់ត្រូវចាប់ខ្លួន
ហុងកុង, ចិន៖ ហេតុការណ៍អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះប្លុកអគារលំនៅដ្ឋានកម្ពស់ខ្ពស់មួយកន្លែងស្ថិតនៅក្នុងសង្កាត់តៃប៉ូ ទីក្រុងហុងកុង ដែលជាឧបទ្ទវហេតុអគ្គិភ័យដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងទីក្រុងនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអាជ្ញាធរប្រកាសអាសន្នកម្រិតទី៥ និងបានរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ប្រជាជនដែលបាត់បង់ទីលំនៅ ។
តាមរយៈរបាយការណ៍ចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ឱ្យដឹងថា ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បណ្ដាលឱ្យតួលេខអ្នកស្លាប់កើនឡើងដល់ ៤៤នាក់ ខណៈមនុស្ស ២៧៩នាក់បានបាត់ខ្លួនហើយក្រុមអ្នកពន្លត់អគ្គិភ័យបន្តព្យាយាមជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះមនុស្ស ២៩នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ ។
អគ្គិភ័យដ៏សាហាវនេះ បានចាប់ផ្ដើមឆាបឆេះកាលពីម៉ោង ២៖៥១នាទីរសៀលថ្ងៃពុធ ទី២៦ ខែវិច្ឆិកា នៅឯប្លុកអគារលំនៅដ្ឋាន វ៉ាងហ្វុកខត (Wang Fuk Court) ដែលមានចំនួន៨អគារ និងមានមនុស្សរស់នៅប្រហែល ៤,៦០០នាក់ ដោយភ្លើងបានបន្តឆាបឆេះពេញមួយយប់តែម្ដង។ ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនបុរស៣នាក់ពីបទសង្ស័យថាពាក់ព័ន្ធនឹងករណីឃាតកម្មដោយអចេតនា ។
ប្រជាពលរដ្ឋជាច្រើន ជាពិសេសមនុស្សចាស់ជរា ជួបការលំបាកក្នុងការចាកចេញ ខណៈក្រុមសង្គ្រោះព្យាយាមជួយជម្លៀសចេញរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រុមគ្រួសារខ្លះ និយាយថា ពួកគេមិនដឹងឡើយថាតើពេលណាទើបអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន់វិញ ដោយសារតែអគារនៅមិនទាន់មានសុវត្ថិភាពនៅឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ AP | រូបភាព-Photo៖ Chan Long Hei via AP