ករណីកាប់យុវជនម្នាក់ដាច់ករ និងរបួសធ្ងន់ម្នាក់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ និងបក្ខពួក ៤នាក់
កណ្តាល៖ យុវជនម្នាក់ត្រូវក្មេងស្ទាវកាប់ដាច់ក្បាលធ្លាក់ដល់ដី និងយុវជនម្នាក់ទៀតត្រូវកញ្ចឹងកររបួសធ្ងន់ កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីនេះកម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់នឹងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន ៤នាក់ នៅនឹងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន ៤នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។
របាយការណ៍បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ មានឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ចំណែកកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស ក៏បានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះ ១កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។
ទោះជាយ៉ាងនេះក៏ដោយកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងកោសលវិច័យធ្វើការតាមនីតិវិធី។ ចំណែកជនសង្ស័យ និងអ្នកពាក់ព័ន្ធ សមត្ថកិច្ចបានយកទៅសាកសួរ និងក៏សាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕