រដ្ឋមន្ត្រីបរិស្ថាន និងនាយកធនាគារអភិវឌ្ឍន៍អាស៊ី ជំរុញសកម្មភាពដើម្បីភាពស្អាតរបស់កម្ពុជា ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ និងការជួយឱ្យការរស់នៅរបស់ប្រជាជនមានជីវភាពល្អប្រសើរជាលំដាប់
ភ្នំពេញ៖ លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក អ៊ាង សុផល្លែត បានអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ លោកបានលើកឡើងថា ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តសកម្មភាពធ្វើការប្តេជ្ញាចិត្តដើម្បីភាពស្អាតនៅកម្ពុជា ដែលមានអ្នកចូលរួមចំនួនជាង ១៤លាននាក់។ ក្រសួងបរិស្ថាន បន្តចែកធុងសំរាមជូនទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និងញែកសំរាមបានត្រឹមត្រូវ កាត់បន្ថយការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំភូមិឋានឱ្យបានស្អាត មានសោភ័ណភាព និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ច ចេញពីការទុកដាក់សំរាម បានត្រឹមត្រូវ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាននឹងបន្តអនុវត្តយុទ្ធនាការនានាដើម្បីកម្ពុជាមានភាពស្អាត ក្នុងនោះធ្វើការលើកកម្ពស់ការទុកដាក់ចុងក្រោយ សំរាម សំណល់រឹង តាមរយៈការជំរុញឱ្យមានការកែសម្រួលទីលាន ដែលមានស្រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងទីលាន និងការជំរុញការរៀបចំទីលានថ្មីស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
ជាមួយគ្នានេះ បានប្រាប់ប្រធាន ADB ថា ដើម្បីជំរុញកំនើនគម្របភាពបៃតងនៅកម្ពុជា ក្រសួងបរិស្ថានបានរៀបចំបង្កើតមជ្ឈមណ្ឌលចីរភាពបរិស្ថាន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានសមត្ថភាពផលិតកូនឈើ បានច្រើនលានដើមក្នុង១ឆ្នាំ។ ក្នុងឆ្នាំ២០២៥ កូនឈើ និងកូនត្នោត ដែលបានបណ្តុះនៅតាមថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ ចំនួន ៣,៤លានដើម ត្រូវបានធ្វើការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ ដាំតាមមូលដ្ឋាន និងដាំស្តារព្រៃសហគមន៍ ដើម្បីពង្រីកគម្របបៃតងនៅកម្ពុជា។
ជាមួយគ្នានេះក្រសួងបរិស្ថានមានគម្រោងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំចំនួន ៥លានដើម នៅឆ្នាំ២០២៦។ លើសពីនេះស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបន្តចូលរួមជំរុញសកម្មភាពលើគម្រោងបង្កើនភាពបៃតង តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍នៅតាមតំបន់ការពារធម្មជាតិ និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យបានល្អប្រសើរថែមទៀត។ បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន ដូចជានៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកំពុងទទួលបានអំណោយពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈក្រសួងបរិស្ថាន ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ដើម្បីបង្កើនចំណូលជីវភាពរបស់សហគមន៍ និងគម្រោងប្រែក្លាយសហគមន៍អព្យាក្រឹតកាបូន។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកស្រី YASMIN SIDDIQI បានធ្វើការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការជំរុញសកម្មភាពដើម្បីភាពស្អាតរបស់ប្រទេសកម្ពុជា ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈខម្រុះ និងការជួយឱ្យការរស់នៅរបស់ប្រជាជនមានជីវភាពល្អប្រសើរ ជាលំដាប់។ ជាមួយគ្នានេះ លោកស្រីនាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ផងដែរ៕