ព័ត៌មានជាតិ

គ្រោះទឹកជំនន់ វាយប្រហារខេត្តចំនួន១២នៅប្រទេសថៃ ប៉ះពាល់ប្រជាជន ២,៧លាននាក់ ខណៈ៣៣នាក់ស្លាប់

image


ថៃឡង់ដ៍៖ យោងតាមការចុះផ្សាយដោយកាសែត Khaosod English របស់ថៃ កាលពីថ្ងៃពុធ បានឱ្យដឹងថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ និងបានប៉ះពាល់ដល់ប្រជាជនជាង ២,៧ លាននាក់ នៅតាមខេត្តចំនួន ១២ ។

ផ្ទះសម្បែងជាច្រើនត្រូវទឹកជន់លិចស្ទើរតែទាំងស្រុង ដែលបង្ខំឱ្យពលរដ្ឋរង់ចាំជំនួយសង្គ្រោះនៅលើដំបូលផ្ទះ។ គ្រួសារប្រហែល ១ លានគ្រួសាររងផលប៉ះពាល់ ជាពិសេសនៅក្នុងក្រុងហាត់យ៉ៃ (Hat Yai) ខេត្តសុងក្លា (Songkhla) ដែលផ្លូវថ្នល់ និងលំនៅដ្ឋាននានាត្រូវទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មានប្រហែល ៣០០ឆ្នាំមកហើយ ។

កាលពីថ្ងៃពុធ ភ្លៀងចាប់ផ្ដើមថមថយហើយ ប៉ុន្តែមន្ត្រីមូលដ្ឋានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតមានឡើងបន្ថែមទៀត ដែលអាចបង្កជាទឹកជំនន់ជាបន្ត។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានប្រកាសដាក់ខេត្តសុងក្លា សម្រាប់ស្ថានភាពអាសន្នដោយសារតែរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងគ្រោះមហន្តរាយធម្មជាតិខាងលើនេះ ។

នៅមន្ទីរពេទ្យហាត់យ៉ៃ (Hat Yai) ឯណោះវិញ កម្ពស់ទឹកជំនន់ដែលកើនឡើងក្នុងកម្រិតដ៏ខ្ពស់បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលនាំឱ្យអាជ្ញាធរត្រូវដឹកជញ្ជូនអ្នកជំងឺធ្ងន់ធ្ងរប្រហែល ៥០ នាក់តាមយន្តហោះ និងត្រៀមជម្លៀសអ្នកជំងឺរាប់រយនាក់ទៀតចេញទៅតាំងសុវត្ថិភាព ។

ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ទូក ឧទ្ធម្ភាគចក្រ និងសូម្បីតែនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹក ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ សម្ភារៈជំនួយត្រូវបានដឹកជញ្ជូនតាមយន្តហោះពីមូលដ្ឋានទ័ពអាកាសនៅទីក្រុងបាងកក ហើយក្រុមសុខភាពផ្លូវចិត្តនឹងត្រូវបានបញ្ជូនទៅជួយប្រជាជនដែលប្រឈមភាពតានតឹងពីគ្រោះមហន្តរាយនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English/ VIORY | រូបភាព-Photo៖ Arnun Chonmahatrakool/ Royal Thai Army via AP