ផ្សារបោះដុំបន្លែ ផ្លែឈើមួយនៅផ្លូវជាតិលេខ២ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ អាចជាជម្រើសសម្រាប់ក្រុមអាជីករផ្សារដើមគ ក្រោយវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ
ភ្នំពេញ៖ ដើម្បីរួចចំណែកជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ ជុំវិញផ្សារដើមគ ដែលបញ្ឈប់ការលក់ដូរ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ និងដើម្បីផ្តល់ជាជម្រើសកាន់តែច្រើនដល់អាជីវករ ផ្សារបន្លែបោះដុំ រលួសថ្មី បាននិងកំពុងលេចរូបរាងឡើង ជាមួយតូបលក់ដូរយ៉ាងច្រើន និងទីតាំងធំទូលាយ។ ផ្សារនេះស្រប់តាមយុទ្ធសាស្ត្ររបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង ដើម្បីឱ្យក្រុមអាជីវករដែលធ្លាប់លក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ជុំវិញផ្សារដើមគ និងអាជីវករនានា អាចមានជម្រើសកាន់តែច្រើន ដូចជា ផ្សារដើមគថ្មី នៅទិសខាងជើង និង ផ្សារបោះដុំបន្លែរលួស ដែលកំពុងសាងសង់ឡើង ស្ថិតនៅទិសខាងត្បូង ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្តុកទុក និងបោះដុំ ចែកចាយ បន្លែ ផ្លែឈើ ត្រី សាច់។
លោក ឆឹង ឆាវហ្ស៊ាង ប្រធានផ្សារបោះដុំរលួស បានឱ្យដឹងថា ផ្សារបោះដុំរំលួស ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ លើផ្លូវជាតិលេខ២ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលដល់ការដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់ជាដើម ពីបណ្តាខេត្តចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ដល់អតិថិជនរបស់ខ្លួន។ អ្វីដែលជាចំណុចសំខាន់នោះ ការលក់ដូរនៅផ្សារបោះដុំរលួស អាចឱ្យអាជីវករលក់ដូរងាយស្រួល ជាមួយតូបលក់មានទំហំធំ ៥គុណ១០ ក្នុងមួយតូប និងត្រូវបានកសាងឡើង ដោយមានការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអគ្គិសីនីរដ្ឋ ទឹកស្អាត និងលូបង្ហូទឹកកង្វក់ធំ ចំណែកផ្លូវក្នុងផ្សារមានទទឹងរហូតដល់ ១៦ម៉ែត្រ ងាយស្រួលទាំងរថយន្តធន់ធំចូលដាក់ និងលើកឡើងរថយន្ត។
លោក ឆឹង ឆាវហ្ស៊ាង បានគូសបញ្ជាក់ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២៦ ថា បច្ចុប្បន្នផ្សារនេះ សាងសង់បានជាង៨០% ក្នុងជំហ៊ានទី១ មាន៥០០តូប ដែលសាងសង់លើផ្ទៃដីជាង ២០ហិចតា។ ក្នុងរយៈពេល១៥ថ្ងៃខាងមុខ ផ្សារនេះ នឹងបើកដំណើរការ ខណៈពេលនេះ អាជីវករអាចទាក់ទង កក់ទុក និងទទួលបានឱកាសជាច្រើន ដូចជាតម្លៃជួលទាបរួមទាំងមានបន្ទប់ទឹកតាមតូបនីមួយៗរៀងៗខ្លួន និងលក់ដូរដោយមិនគិតថ្លៃតូបរយៈពេល១ឆ្នាំខាងមុខផ្សារពេលយប់ ហើយអ្វីដែលម្ចាស់ផ្សារគិតគូរដល់ជាជីវករថែមទៀត ប្រសិនបើអ្នកលក់ដូរបន្លែនៅសល់ នឹងជួយទិញយកសម្រាប់កែឆ្នៃជាចំណីសត្វ ក្នុងតម្លៃសមរម្យពីអាជីវករ។
សូមបញ្ជាក់ថា ផ្សារបន្លែបោះដុំរលួសនេះ ត្រូវបានវិនិយោគដោយជនជាតិចិន ដែលរស់នៅកម្ពុជា ជាង១០ឆ្នាំ មកហើយ ក្នុងទុនវិនិយោគជាង ៣លានដុល្លារ លើផ្ទៃដីជាង ២០ហិចតា៕