ព័ត៌មានជាតិ

ទីតាំងឡធ្យូងមួយ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តចុះបង្ក្រាប

image

ក្រចេះ៖ ទីតាំងឡធ្យូង១ដោយមានឡចំនួន៣ ដែលកំពុងមានសកម្មភាពដុតអុសដើម្បីក្លាយជាធ្យូង ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង ចុះបង្ក្រាប និងកម្ទេចឡទាំងនោះចោល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

យោងតាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបករណីខាងលើនេះ ក្នុងពេលក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិលុះមកដល់ត្រង់ចំណុច ស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ ក៏ប្រទះឃើញឡធ្យូងខាងលើកំពុងមានសកម្មភាពដុតបំផ្លាញអុសដែលកាត់ចេញពីក្នុងតំបន់អភិរក្សដើម្បីកែច្នៃទៅជាធ្យូងកំពុងមានសកម្មភាពភ្លាមៗក្រុមការងារល្បាតក៏បានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់។

ប្រភពបានបញ្ជាក់បន្ថែមថា ក្នុងពេលចុះបង្ក្រាបករណីខាងលើ មិនបានរកឃេីញជនសង្ស័យដែលជាអ្នកប្រព្រឹត្តនិងបង្កើតឡធ្យូងដោយគ្មានច្បាប់អនុញ្ញាតនោះទេ៕

ដោយ៖ សារី ណែត