លោកឧបនាយកដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង
ព្រៃវែង៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ ស.ស.យ.ក ខេត្តព្រៃវែង ដោយមានការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សរុប៥០០នាក់។
លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារផ្សេងៗ ដើម្បីសាងសង់អគារស្នាក់ការ ស.ស.យ.ក. ខេត្តព្រៃវែង ឱ្យកើតចេញជារូបរាងឡើងថ្មីសន្លាង និងស្រស់ស្អាត បានជាប្រយោជន៍ដល់យុវជន ក៏ដូចជាប្រជាជន ក្នុងខេត្តព្រៃវែងទាំងមូល ទាំងការងារបណ្តុះបណ្តាល និងសកម្មភាពសង្គមផ្សេងៗ។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា អគារថ្មីនេះ នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការបន្តជំរុញ និងបង្កើនប្រសិទ្ឋភាពនៃការងាររបស់ ស.ស.យ.ក ព្រៃវែងឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតបន្ថែមទៀត ដើម្បីរួមចំណែកជំរុញកិត្យានុភាពរបស់ ស.ស.យ.ក តាមរយៈការសម្រេចបានសមិទ្ធផលថ្មីៗ នៅក្របខណ្ឌខេត្ត គណៈកម្មាធិការកណ្ដាល ដោយស្របតាមផែនការយុទ្ធសាស្រ្តយុវជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ ២០២៣_២០២៨ របស់ ស.ស.យ.ក។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា អគារនេះ ក៏ក្លាយជាមជ្ឈមណ្ឌលយុវជនដ៏រស់រវើក ដែលឆ្លើយតបតម្រូវការផ្សេងៗរបស់យុវជនសំដៅធ្វើយ៉ាងណាឲ្យកិត្យានុភាព ស.ស.យ.ក ជ្រៀតចូលដល់បេះដូងនៃស្រទាប់យុវជន គ្រប់លំដាប់ និងគ្រប់និន្នាការទាំងនៅក្នុងខេត្តព្រៃវែងផ្ទាល់ និងបណ្ដាខេត្តជិតនេះផងដែរ។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តល់ដីសម្រាប់សាងសងអគារ និងលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តួចផ្តើមសាងសងអគារស្នាក់ការថ្មី ស.ស.យ.ក ខេត្តព្រៃវែង និងសប្បុរសជននានាដែលចូលរួមឧបត្ថម្ភ។
គួរបញ្ជាក់ដែរថា អគារស្នាក់ការថ្មីរបស់ស.ស.យ.ក.ខេត្តព្រៃវែង ប្រើរយៈពេលសាងសង់១២ខែ ដោយបានចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចំណាយថវិកាសរុបជាង ៥០ម៉ឺនដុល្លារ។ អគារនេះ ស្ថិតនៅលើផ្ទៃដីទំហំសរុប ២.៤០០ម៉ែត្រការ៉េ កម្ពស់អគារ១ជាន់ ដោយរចនាបទនៃអគារ មានលក្ខណៈ សាមញ្ញ ប៉ុន្តែឈរលើមូលដ្ឋានបត់បែនទៅតាមសម័យទំនើបស្របតាមជំនាន់យុវជនក្នុងយុគសម័យឌីជីថល ដែលមានពណ៌អគារស្របទៅតាមនិមិត្តសញ្ញា ស.ស.យ.ក. និងការផ្សារភ្ជាប់ជាមួយបរិស្ថានធម្មជាតិដើមឈើធំៗដ៏ស្រស់បំព្រង៕
អត្ថបទ៖ មិន ភក្ដី