សង្គម

សូមប្រយ័ត្ន! ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិត ៣ករណី នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។​
ករណីទី១ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូប ម៉ាក់លីផេង ក្នុងផ្សារបឹងទំពុន សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២ជីកន្លះ។
ករណីទី២ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេងមានលាភ ផ្ទះលេខ១៩E០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យកបានខ្សែកទម្ងន់ ២តម្លឹង។
ករណីទី៣ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២តម្លឹង។
ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន ២នាក់ ឈ្មោះ ង្វ្រៀន សុីធូ ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យក លោហៈធាតុពណ៌លឿងស្លេក (ក្លែង ក្លាយ ), ចិញ្ចៀនចំនួន ១៤វង់, ខ្សែក ចំនួន ២៨ខ្សែ, ខ្សែដៃ ៣ខ្សែ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕