សេដ្ឋកិច្ច

កម្ពុជា រកចំណូលបានពីការនាំចេញកង់ ក្នុងទំហំទឹកប្រាក់ជាង ៦០០លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើងជាង ៤២%

image


ភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលចំណូលពីការនាំចេញកង់ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦០៩លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើង ៤២,៧៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម។
បើតាមលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងពីភាពរីកចម្រើនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផលិតកង់នៅកម្ពុជា ដោយមានរយៈពេលជាង ២០ឆ្នាំ ចាប់តាំងពីចុងឆ្នាំ២០០៥មក។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនចំនួន ១៩ ដែលស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មកង់ កំពុងបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្នុងចំណោមនោះ គឺមានតែក្រុមហ៊ុនចំនួន ៦ប៉ុណ្ណោះ ដែលដំឡើងកង់ ក្រៅពីនោះគឺជាក្រុមហ៊ុនផលិតសមាសធាតុ ឬគ្រឿងបង្គុំកង់ ខណៈដើមឡើយគ្រឿងបង្គុំ គឺនាំចូលស្ទើរតែ ១០០% តែឥឡូវក្រុមហ៊ុនទាំងនោះអាចផលិតផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក ក្នុងខ្សែច្រវ៉ាក់ការផ្គត់ផ្គង់នេះ។
ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញកង់រួមមាន សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជា នាំចូលកង់មកវិញ រួមមាន ជប៉ុន ចិន វៀតណាម និងសហរដ្ឋអាម៉េរិក ជាដើម៕