ព័ត៌មានជាតិ

ព្រឹត្តិការណ៍មហោស្រព «សៀមរាបជាទីស្រលាញ់» ទាក់ទាញអ្នកទស្សនាប្រមាណ ១ម៉ឺននាក់ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ ចំពោះស្ថានភាពសុខសុវត្ថិភាពនៅកម្ពុជា

image


សៀមរាប៖ មនុស្សប្រមាណ ១ម៉ឺននាក់ បានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រព «សៀមរាបជាទីស្រលាញ់» នៅព្រលានយន្តហោះខេត្តសៀមរាបចាស់ នារាត្រី ថ្ងៃទី២៤ ខែមករានេះ។ ក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ អះអាងថា ព្រឹត្តិការណ៍នេះ បានបង្ហាញអំពីសុខសុវត្ថិភាពរបស់កម្ពុជា ជាពិសេសនៅខេត្តសៀមរាប។
លោក លន់ សុភី អនុប្រធានគណៈកម្មការរៀបចំមហោស្រពសៀមរាបជាទីស្រឡាញ់ ថ្លែងក្នុងសន្និសិទសារព័ត៌មានថា ព្រឹត្ដិការណ៍នេះ នឹងក្លាយជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយសម្រាប់ខេត្តសៀមរាប ដែលបានរៀបចំឡើងជាលក្ខណៈខ្នាតធំ មានបើកឲ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកពីគ្រប់ទីសទីអាចចូលរួមដោយឥតគិតថ្លៃ ក្នុងនោះមានការរៀបចំការប្រគំតន្រ្ដី ពីក្រុមសិល្បៈករខ្មែរ ក្រុមតន្រ្តីករមកពីបរទេសដែលធ្លាប់ឈ្នះពានរង្វាន់ ដូចជា TAYA និងក្រុម The Afters ផងដែរ ខណៈដែលព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប បន្ទាប់ពីធ្វើនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ មហោស្រពសៀមរាបជាទីស្រលាញ់ បានបង្ហាញពីសុខសន្ដិភាព និងសុវត្ថិភាពភ្ញៀវទេសចរជាតិនិងអន្ដរជាតិមកទស្សនាខេត្ដសៀមរាប បើទោះបីកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី។
លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ (Franklin Graham) ប្រធាន និងជានាយកប្រតិបត្តិនៃសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្រ្គាម (BGEA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលបានផ្តល់ការគាំទ្រ និងអនុញ្ញាតឲ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងឡើង នៅលើទឹកដីប្រវត្តសាស្ត្រសៀមរាបអង្គរ។
លោកបន្ដថា មហោស្រពនេះ ដើម្បីចែករំលែកសារនៃក្ដីសង្ឃឹមពីព្រះគម្ពីរ និងអធិស្ឋានសុំសន្តិភាពដ៏យូរអង្វែងសម្រាប់កម្ពុជា តាមរយៈព្រះយេស៊ូវគ្រីស្ទ។ លោកបានលើកឡើងថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់ ដែលមនុស្សជុំវិញពិភពលោកចង់មកទស្សនា ជាពិសេសគឺ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុមួយនៃពិភពលោក។
លោកបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងដំណើរមកកាន់ទឹកដីខេត្តសៀមរាប ដែលជាទីក្រុងមួយដ៏អស្ចារ្យ និងជាគោលដៅអន្តរជាតិដែលមនុស្សជុំវិញពិភពលោកប្រាថ្នាចង់មកទស្សនា។
លោកបានបង្ហាញថា ទោះបីកម្ពុជាកំពុងមានបញ្ហាព្រំដែន ប៉ុន្តែលោកមានអារម្មណ៍ថា មានសុវត្ថិភាពខ្លាំងនៅកម្ពុជា ហើយប្រជាជនកម្ពុជា គឺជាមនុស្សដែលមានចិត្តល្អ រាក់ទាក់ និងមានសន្តានចិត្តល្អ។
លោកក៏បានសម្តែងការដឹងគុណយ៉ាងខ្លាំងចំពោះដំណោះស្រាយសន្តិភាព និងកិច្ចព្រមព្រៀងសន្តិភាពដែលបានកើតឡើង ដោយលោកបានអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់រឿងនេះ។ លោកយល់ថា វាជារឿងសំខាន់ដែលពិភពលោកត្រូវដឹងថា កម្ពុជាគឺជាកន្លែងដ៏អស្ចារ្យសម្រាប់ការមកកម្សាន្ត ហើយលោកលើកទឹកចិត្តឲ្យមនុស្សមកទស្សនាទីនេះ។
លោកក៏បានរំពឹងថា តាមរយៈព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់» នឹងទាក់ទាញមហាជនយ៉ាងច្រើនកុះករ ឲ្យមកជួបជុំគ្នាដើម្បីទទួលយកភាពសប្បាយរីករាយតាមរយៈតន្ត្រី និងសារនៃក្តីស្រឡាញ់ ក្នុងបរិយាកាសដ៏អធិកអធមនៅក្នុងក្រុងសៀមរាប៕
អត្ថបទ៖ ជា ស្រស់