កម្ពុជា ចាប់ផ្តើមរៀបចំ «ពិព័រណ៍រ៉ម៉ាឌន ឆ្នាំ២០២៦» លើកដំបូង ជាមួយការលក់ម្ហូបហាឡាលចម្រុះ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ
ភ្នំពេញ៖ កម្ពុជា បានចាប់ផ្តើមរៀបចំ «ពិព័រណ៍រ៉ម៉ាឌន ឆ្នាំ២០២៦» ជាលើកដំបូង ស្ថិតនៅក្នុងបរិវេណសួនច្បារ ក្បែរសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកសាកម្ហូបហាឡាល និងអាចទិញសម្ភារប្រើប្រាស់ផ្សេងៗ ដែលមានតាំងបង្ហាញលក់នៅតាមស្តង់នីមួយៗនៅទីនោះផងដែរ។
ពិធីសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ «ពិព័រណ៍រ៉ម៉ាឌន ឆ្នាំ២០២៦» នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជីវករ និងភ្ញៀវកិត្តិយស ជាច្រើនរូប។
ពិព័រណ៍រ៉ម៉ាឌននេះ ត្រូវបានរៀបចំឡើងដោយមានរយៈពេល ២១ថ្ងៃ ដែលនឹងចាប់ផ្តើមមុនខែ រ៉ម៉ាឌនចំនួន ២១ថ្ងៃ ។ ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អាជីវករគ្រប់រូប ក្នុងការរកប្រាក់ចំណូលបន្ថែមទៀត ដោយលក់នូវទំនិញ ផលិតផល និងមុខម្ហូបជាច្រើនប្រភេទ ដែលមានគុណភាព តម្លៃសមរម្យ និងមានស្តង់ដារខ្ពស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវជ្រើសរើស នឹងត្រៀមខ្លួនរួចរាល់ទទួលស្វាគមន៍ខែរ៉ម៉ាឌន នាពេលខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ លោក លី អាប់ឌុលម៉ាលេច ស្ថាបនិកពិព័រណ៍រ៉ម៉ាឌន បានមានប្រសាសន៍ថា ពិព័រណ៍រ៉ម៉ាឌន គឺជាព្រឹត្តិការណ៍វប្បធម៌ និងពាណិជ្ជកម្មដ៏មានអត្ថន័យមួយ ដែលត្រូវបានរៀបចំឡើងក្នុងរដូវកាលរ៉ម៉ាឌន ដើម្បីលើកកម្ពស់តម្លៃសន្តិភាព មេត្តាករុណា ការចែករំលែក និងភាពសុខដុមរមណា ក្នុងសង្គម។ ពិព័រណ៍រ៉ម៉ាឌននេះ មានគោលបំណងបង្កើតវេទិកាសម្រាប់ការជួបជុំរវាងសហគមន៍ អាជីវករ និងអ្នកប្រើប្រាស់ ក្នុងបរិយាកាសដែលលើកទឹកចិត្តដល់ការរួមរស់ក្នុងសហគមន៍ ព្រមទាំងបង្កើនការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។
លោក គូសបញ្ជាក់ថា តាមរយៈពិព័រណ៍រ៉ម៉ាឌន ២០២៦ ព្រឹត្តិការណ៍នេះ នឹងរួមចំណែកលើកស្ទួយអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងផ្សព្វផ្សាយផលិត ផល និងសេវាកម្មដែលមានគុណភាព និងស្របតាមស្តង់ដារហាឡាល់។ នេះជាចំណែកសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
លោក បានបន្តថា ជាមួយនឹងការចូលរួមពីហាង និងក្រុមហ៊ុនជាច្រើន យើងរំពឹងថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃ និងនឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមយ៉ាងចីរភាព។ ដូច្នេះលោក បានជំរុញឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ភោជនីដ្ឋាន ដែលបំណងដាក់ពាក្យស្នើសុំវិញ្ញាបនបត្រហាឡាល ដាក់ពាក្យស្នើសុំនៅនាយកដ្ឋានកិច្ចការហាឡាល នៃក្រសួងពាណិជ្ជកម្ម។
ចំណែកលោក ហ៊ីម មូស្លឹម ប្រធានគ្រប់គ្រងទូទៅ (General manager) នៃពិព័រណ៍រ៉ម៉ាឌន បានឲ្យដឹងថា នៅក្នុងពិព័រណ៍រ៉ម៉ាឌននេះ គឺមានបងប្អូនទាំងខ្មែរឥស្លាម និងខ្មែរមិនឥស្លាម ដែលពួកគាត់បានចូលរួមដាក់តាំងបង្ហាញលក់មានជាច្រើនមុខ ខណៈដែលលោកបានជំរុញឲ្យពលរដ្ឋខ្មែរ និងទាំងភ្ញៀវបរទេសចូលរួមគាំទ្រផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់ខ្មែរឲ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។ នៅក្នុងពិព័រណ៍រ៉ម៉ាឌននេះដែរ ក៏មានក្រុមហ៊ុនជាច្រើនទៀត បានចូលរួមដាក់បង្ហាញលក់នូវផលិតផលខ្មែរ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ស៊ីរី និងអារ៉ាប់ ផងដែរ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត