ក្រុមកងទ័ពជើងទឹកនាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព
ព្រះសីហនុ៖ បន្ទាប់ពីនាវាចម្បាំង USS CINCINNATI (LCS 20) ចូលសំចតនៅមូលដ្ឋានសមុទ្ររាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រុមកងទ័ពជើងទឹក ក្រៅពីការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាហើយនោះ នៅរសៀលថ្ងៃអាទិត្យ ទី២៥ បានបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពជាមួយនឹងក្រុមកងនាវាប្រដេញរបស់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
ការប្រកួតនេះ ត្រូវបានធ្វើឡើងរយៈពេល ៦០នាទី ដោយ៣០នាទីសម្រាកម្តង។ ជាលទ្ធផលកងទ័ពជើងទឹកកម្ពុជា ទាត់បញ្ចូលទីរបស់កងទ័ពជើងទឹកអាមេរិកចំនួន ៤គ្រាប់ ហើយកងទ័ពជើងទឹកអាមេរិក ទាត់បញ្ចូលទីកងទ័ពជើងទឹកកម្ពុជាចំនួន ២គ្រាប់។ ការប្រកួតនេះ ក្រុមកងទ័ពជើងទឹកអាមេរិក មាននាវិកជាស្ត្រីបានចូលលេងផងដែរ ហើយការប្រកួតបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ បន្សល់នូវអនុស្សាវរីយ៍ល្អៗរវាងគ្នា។ ក្រោយបញ្ចប់ការប្រកួតកីឡាករកងទ័ពជើងទឹកកម្ពុជា និងអាមេរិក បានចាប់ដៃលាគ្នាដោយស្នាមញញឹម ហើយបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍។
សូមបញ្ជាក់ថា ការមកដល់របស់នាវាអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅទូទាំងពិភពលោក។
នាវាចម្បាំង USS CINCINNATI (LCS 20) មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងប្រមាណ ១៣០ម៉ែត្រ ដោយមានកន្លែងផ្ទុកឧទ្ធម្ភាគចក្រផងដែរ ដែលដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។ ដំណើរមកដល់នៃនាវាចម្បាំងអាម៉េរិកនេះ ទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក៕