ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានល្អ

image


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង
បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។ ការណែនាំដូចនេះ ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦​។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងរយៈពេល២៨ឆ្នាំចុងក្រោយនេះ ខណៈប្រទេសកម្ពុជាមានសន្តិភាពពេញលេញក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ជាមួយនឹងការពង្រីកពាណិជ្ជកម្មកាន់តែធំឡើង។ ការពង្រឹងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាតិ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត់ គឺក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

លោក ឃួង ស្រេង បានបន្តថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជាពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែងនៅពេលនេះ អ្នកវិនិយោគបានបង្កើតឱ្យមានមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ជាមួយនិងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យមកលេងនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរូចជាស្រេចទទួលអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់។

ក្នុងឱកាសនោះដែរអ្នកឧកញ្ញា លី ឃុនថៃ ទីប្រឹក្សាសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងជាប្រធានសមាគមន៍ សហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងផងដែរថាការបង្កើតឱ្យមានផ្សារទំនើបនេះ វានឹងធ្វើឱ្យមានការកើនឡើងនូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏បានបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់អ្នកវិនិយោគ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕