នាយករដ្ឋមន្ត្រីជប៉ុន៖ រដ្ឋាភិបាលដែលរឹងមាំ គឺជាកម្លាំងដែលកើតចេញពីការគាំទ្ររបស់រាស្ត្រ
ជប៉ុន៖ «អំឡុងប្រកាសរំលាយសភា ដើម្បីត្រៀមរៀបចំការបោះឆ្នោតមុនអាណត្តិក្នុងខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានផ្លាស់ប្តូរសម្ព័ន្ធភាពនយោបាយថ្មី» កាលពីចុងសប្ដាហ៍កន្លងទៅ លោកស្រីបង្ហាញនូវភាពជឿជាក់ថា រាល់ការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច និងរចនាសម្ព័ន្ធរដ្ឋបាលធំៗ ចាំបាច់ត្រូវតែទទួលបានការយល់ព្រមពីប្រជាពលរដ្ឋជាមុនសិន ដើម្បីធានាបាននូវទំនុកចិត្ត ។
ការរំលាយសភានេះ បានធ្វើឱ្យសមាជិកសភាទាំង ៤៦៥ នាក់ត្រូវចាកចេញពីតំណែង និងធ្វើឱ្យការពិភាក្សាលើកញ្ចប់ថវិកាជាតិត្រូវជាប់គាំងជាបណ្ដោះអាសន្ន រហូតដល់ការបោះឆ្នោតបញ្ចប់។ ទោះបីជាមានការរិះគន់ពីគណបក្សប្រឆាំង រួមទាំងមតិវិជ្ជមាន និងអវិជ្ជមានពីសាធារណជនក៏ដោយ ក៏លោកស្រីនាយករដ្ឋមន្ត្រីនៅតែប្រកាន់គោលជំហរថា រដ្ឋាភិបាលដែលរឹងមាំគឺជាកម្លាំងដែលកើតចេញពីការគាំទ្ររបស់រាស្ត្រ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Kazuhiro Nogi / AFP via Getty Images