ព័ត៌មានអន្តរជាតិ

បំណាក់ដីក្នុងខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូណេស៊ី បណ្ដាលឱ្យស្លាប់មនុស្ស២៥នាក់ ខណៈការជួយសង្គ្រោះកំពុងបន្ត

image


ឥណ្ឌូណេស៊ី៖ គ្រោះមហន្តរាយបាក់ដីដ៏ធំមួយបានកើតឡើងនៅក្នុងស្រុកបានឌុងខាងលិច (West Bandung) ខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងក្នុងភូមិ ប៉ាស័រគូនីង (Pasir Kuning) និងភូមិប៉ាស័រឡាងហ្គូ (Pasirlangu) ត្រូវកប់ក្រោមភក់ និងបំណាក់ដី ។
រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ ត្រូវអាជ្ញាធរបញ្ជាក់ជាផ្លូវការថា មានចំនួន ២៥ នាក់ ខណៈមនុស្សប្រហែល ៧២ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលធ្វើឱ្យក្រុមសង្គ្រោះត្រូវធ្វើការយ៉ាងញាប់ដៃញាប់ជើងប្រណាំងជាមួយនឹងពេលវេលា ដើម្បីស្វែងរកជងរងគ្រោះ ។
ប្រជាពលរដ្ឋជាង ៥០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយមកស្នាក់នៅក្នុងតង់សង្គ្រោះបន្ទាន់ជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាព ខណៈដីនៅតំបន់នោះ នៅតែមានសភាពគ្រោះថ្នាក់ និងងាយនឹងបាក់បន្ថែម ។
ក្រុមអ្នកជំនាញ បានពន្យល់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែដីជោកជាំទៅដោយទឹកភ្លៀងខ្លាំងពេក រហូតបង្កឱ្យមានបំណាក់ដីបែបនេះតែម្ដង។ ខណៈនេះ ប្រតិបត្តិការជួយសង្គ្រោះ កំពុងប្រឈមនឹងការលំបាកខ្លាំង ព្រោះភ្លៀងនៅតែបន្តធ្លាក់ និងផ្លូវថ្នល់រងការខូចខាត ដែលធ្វើឱ្យដំណើរការបញ្ជូនគ្រឿងចក្រមានភាពយឺតយ៉ាវ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Reuters/ BASARNAS via AP/ PBS News/ AP