ក្រុមការងារ “ព្រាបសន្តិភាព” នឹងដឹកនាំក្បួនដង្ហែរព្រឹត្ដិការណ៍តុក្កតាយក្សឆ្នាំ២០២៦ ក្នុងក្រុងសៀមរាប
សៀមរាប៖ ក្រុមការងារនៃព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស បានឲ្យដឹងថា តុក្កតារូបសត្វព្រាប ដែលជានិមិត្តរូបអន្តរជាតិនៃសន្តិភាព ក្តីសង្ឃឹម និងមនុស្សជាតិ នឹងដឹកនាំក្បួនដង្ហែរសម្រាប់ឆ្នាំនេះ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្ស បានឲ្យដឹងថា ព្រឹត្ដិការណ៍ដង្ហែរក្បួនតុក្កតាយក្ស ឆ្នាំ២០២៦ ដែលជាគម្រោងសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា នៅក្រុងសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍សម្រាប់ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ!” ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។
លោក សាវ៉ាន់ ក៏បានឲ្យដឹងដែរថា ក្បួនដង្ហែតុក្កតាយក្សនៅឆ្នាំនេះ ក្រុមការងារក៏នាំយកនូវរូបសត្វព្រាប ដែលជានិមិត្តរូបអន្តរជាតិនៃសន្តិភាព សម្រាប់ដឹកនាំក្បួនដង្ហែរសត្វព្រាប តំណាងឲ្យសន្តិភាព។ ដោយសារប្រទេសយើងទើបតែមានសង្គ្រាមឈ្លានពាននៅព្រំដែនថ្មីៗនេះ យើងយកសត្វព្រាបនេះមកបង្ហាញថាយើងដែលត្រូវការសន្តិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារតុក្កតាយក្ស បានឲ្យដឹងថា តាមរយៈតុក្កតាយក្ស វាបានបំផុសគំនិតដល់កុមារ អាចស្វែងយល់ពីការស្រមើលស្រមៃ ភាពច្នៃប្រឌិត និងការទទួលខុសត្រូវរួមចំពោះពិភពធម្មជាតិ។ សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីក្បួនដង្ហែតុក្កតាយក្សបានបញ្ចប់ រូបតុក្កតាយក្យ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសួនច្បារក្បែព្រះរាជដំណាក់ ហើយបន្ដដាក់តាំងបង្ហាញនៅទីតាំងរបស់ម្ចាស់ឧបត្ថម្ភជុំវិញទីក្រុង និងនៅមន្ទីរពេទ្យកុមារក្នុងស្រុក ដែលអនុញ្ញាត ឲ្យសហគមន៍បន្តរីករាយជាមួយតុក្កតាយក្ស និងពង្រីកផលចំណាប់អារម្មណ៍នៃគម្រោងលើសពីមួយយប់។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ គម្រោងតុក្កតាយក្ស បានបង្ហាញឲ្យកុមារ និងយុវជនយល់ថា សិល្បៈគឺលើសពីភាពច្នៃប្រឌិត វាជំរុញទំនុកចិត្ត ការបញ្ចេញមតិដោយខ្លួនឯង ការធ្វើការជាក្រុម និងមោទនភាពចំពោះបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។
ព្រឹតិការណ៍នេះ កុមាររាប់រយនាក់មកពីសាលារៀនក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាល នឹងចំណាយពេលជាច្រើនសប្តាហ៍ក្នុងការរចនា និងដំឡើងតុក្កតាយក្ស ដ៏ធំសម្បើមក្រោមការណែនាំរបស់ក្រុមសិល្បករអាជីពរបស់គម្រោង។ កិច្ចខិតខំប្រឹងប្រែងសហការរបស់ពួកគេបានបញ្ចប់ដោយក្បួនដង្ហែពេលយប់ដ៏រស់រវើក អមដោយតន្ត្រីករ និងអ្នកសំដែង ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនារហូតដល់ ២០.០០០នាក់៕
អត្ថបទ៖ ជា ស្រស់