ព័ត៌មានអន្តរជាតិ

ភូមិមួយនៅភាគខាងត្បូងប្រទេសលីបង់ ត្រូវខ្ទេចខ្ទាំ ក្រោយការវាយប្រហារដែលអ៊ីស្រាអ៊ែលអះអាងថា ដើម្បីកម្ទេចមូលដ្ឋានក្រុមហេសបូឡាហ៍

image


លីបង់៖ ភូមិខេហ្វាឌូនីន (Kfardounin) ភាគខាងត្បូងប្រទេសលីបង់ ទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង បន្ទាប់ពីកងទ័ពអ៊ីស្រាអ៊ែល ហៅកាត់ថា IDF បានបើកការវាយប្រហារតាមអាកាសលើអគារមួយកន្លែង ដែលអ៊ីស្រាអ៊ែលអះអាងថា ជាទីកន្លែងលាក់ខ្លួនរបស់ «ក្រុមភេរវករហេសបូឡាហ៍» ។
ជនភៀសខ្លួនមួយរូបឈ្មោះ ហ៊ូសសេន ហាមដាន (Hussein Hamdan) បានរៀបរាប់ទាំងក្ដុកក្ដួលថា «របររកស៊ីរបស់យើងដែលមានតម្លៃរាប់លានដុល្លារ ឥឡូវរលាយអស់ហើយ។ យើងមកទីនេះដើម្បីចាប់ផ្ដើមជីវិតថ្មីពីសូន្យ និងមិនពាក់ព័ន្ធជាមួយភាគីណាមួយឡើយ យើងគ្រាន់តែចង់រស់នៅដោយសុខសាន្តប៉ុណ្ណោះ។ តែឥឡូវនេះ គេបាញ់មកដោយគ្មានការប្រកាសអាសន្នមុនឡើយ ។
មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់នៃក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅចន្លោះភូមិខេបេតសាឡឹម (Kherbet Selem) និងខេហ្វាឌូនីន (Kfardounin) បានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស ។
ដោយឡែក កងទ័ពអ៊ីស្រាអែល (IDF) ឯណោះវិញ បានចេញសេចក្តីថ្លែងការណ៍ថា «កាលពីថ្មីៗនេះ កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើសំណង់មួយកន្លែងដែលក្រុមភេរវករហេសបូឡាហ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពនៅក្នុងតំបន់ ប៊ើ អាល់សានសាល់ (Bir al-Sansal) ភាគខាងត្បូងប្រទេសលីបង់»។ អ៊ីស្រាអ៊ែលបញ្ជាក់ទៀតថា ទីតាំងនោះ ត្រូវគេប្រើប្រាស់ជាកន្លែងផលិតអាវុធសម្រាប់ក្រុមហេសបូឡាហ៍ ។
គួររំឭកថា ការវាយប្រហារនេះបានកើតឡើង ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡាហ៍ ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ ប៉ុន្តែអ៊ីស្រាអ៊ែលនៅតែបន្តវាយប្រហារលើទីតាំងណាដែលខ្លួនអះអាងថាជាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមប្រដាប់អាវុធនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY