ការស៊ើបអង្កេតមួយរកឃើញថា ផ្លូវយន្តហោះ VIP ខុសច្បាប់ មានជាប់ពាក់ព័ន្ធនឹងផ្ទះលំហែរបស់គ្រួសារលោក អានុទីន
ថៃឡង់ដ៍៖ សមត្ថកិច្ចក្នុងតំបន់ប៉ាក់ឆង (Pak Chong) បានបញ្ជូនលទ្ធផលនៃការស៊ើបអង្កេតលើករណីសាងសង់ «ផ្លូវយន្តហោះ VIP» ខុសច្បាប់នៅក្នុងខេត្តនគររាជសីមា ទៅកាន់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ថា NACC ដោយចោទប្រកាន់មន្ត្រីរដ្ឋថាបានធ្វេសប្រហែសក្នុងតួនាទី ដែលបណ្ដោយឱ្យមានការសាងសង់ផ្លូវយន្តហោះឯកជន រំលោភលើផ្លូវសាធារណៈ ។
រឿងរ៉ាវផ្លូវយន្តហោះនេះ បានក្លាយជាចំណុចក្ដៅគគុកក្នុងវិស័យនយោបាយ បន្ទាប់ពីមានរបាយការណ៍ថា ករណីនេះ មានជាប់ពាក់ព័ន្ធនឹងផ្ទះលំហែរ (Resort) មួយកន្លែងជារបស់គ្រួសារលោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) ដែលជាប្រធានគណបក្សភូមិចៃថៃ (Bhumjaithai) និងជានាយករដ្ឋមន្ត្រី។ ទោះបីជាមានពាក្យបណ្ដឹងចោទប្រកាន់ថាអ្នកនយោបាយជាន់ខ្ពស់រូបនេះ មានចំណែកក្នុងគម្រោងខាងលើក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានលទ្ធផលផ្លូវការណាមួយបញ្ជាក់ថា លោកមានកំហុសផ្ទាល់ខ្លួននោះទេ។ កាលពីមុន បណ្ដឹងនៅតុលាការដែលចង់ឱ្យចាត់វិធានការលើរូបលោក ក៏ត្រូវបានច្រានចោលរួចទៅហើយដែរ ។
សំណុំរឿងនេះផ្ដើមចេញពីបណ្ដឹងរបស់អ្នកភូមិកាលពីឆ្នាំ ២០២៥ ដែលបានរាយការណ៍ថា មានការសាងសង់ផ្លូវយន្តហោះប្រវែងប្រហែល ១,៥ គីឡូម៉ែត្រ ជាន់លើផ្លូវដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលបង្កគ្រោះថ្នាក់ និងរំខានដល់ការធ្វើដំណើរ ។
អ្នកស៊ើបអង្កេតសន្និដ្ឋានថា ផ្លូវយន្តហោះនេះ អាចនឹងត្រូវបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងបានរំលោភលើច្បាប់ជាច្រើន រួមមានច្បាប់បែងចែកដីធ្លី ច្បាប់ចរាចរណ៍ផ្លូវអាកាស និងច្បាប់គ្រប់គ្រងការសាងសង់អគារ។ សមត្ថកិច្ចបានប្រមូលភស្តុតាង និងសក្ខីកម្មពីសាក្សី រួចបញ្ជូនទៅកាន់ NACC ដើម្បីពិនិត្យលើទោសកំហុសរបស់មន្ត្រីរដ្ឋ តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបំពេញភារកិច្ចមិនត្រឹមត្រូវ ។
ទន្ទឹមនឹងនេះ នាយកដ្ឋានស៊ើបអង្កេតពិសេស ហៅកាត់ថា DSI ដែលបានស៊ើបអង្កេតករណីនេះអស់រយៈពេលជាង ៥ខែមកនោះ ក៏បានសម្រេចបញ្ឈប់ការស៊ើបអង្កេត ហើយបានបញ្ជូនលទ្ធផលទៅឱ្យ NACC ដូចគ្នា ដើម្បីចាត់ការរួមជាមួយសំណុំរឿងរបស់សមត្ថកិច្ច។ បច្ចុប្បន្ន គេរំពឹងថាអង្គភាពប្រឆាំងអំពើពុករលួយ ឬ NACC នឹងបន្តពិនិត្យមើលតួនាទីរបស់មន្ត្រីមូលដ្ឋាន ភ្នាក់ងាររដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកការពិត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Thai Examiner/ Picture courtesy of Neawna on Thaiger