ព័ត៌មានអន្តរជាតិ

ខេត្តកញ្ចនៈបុរី ប្រទេសថៃ ផ្អាកប្រមូលសំរាមនៅតាមតំបន់មួយចំនួន ជុំវិញបញ្ហាកង្វះខាតប្រេងសាំង

image

ថៃឡង់ដ៍៖ រដ្ឋបាលក្រុងកញ្ចនៈបុរី (Kanchanaburi) បានប្រកាសផ្អាកសេវាកម្មប្រមូលសំរាមនៅតាមតំបន់មួយចំនួន និងនៅថ្ងៃខ្លះ ដោយសារតែកង្វះខាតប្រេងសាំងនិងប្រេងម៉ាស៊ូត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ។

នៅក្នុងសេចក្តីជូនដំណឹងដែលបានបង្ហោះកាលពីដើមសប្ដាហ៍នេះ រដ្ឋបាលក្រុង បានលើកឡើងថា ស្ថានីយប្រេងសាំងជាច្រើននាពេលបច្ចុប្បន្ន សុទ្ធតែអស់សាំងនិងម៉ាស៊ូត ដែលធ្វើឱ្យឡានដឹកសំរាមមិនអាចចេញប្រតិបត្តិការតាមកាលវិភាគបានឡើយ។ ជាលទ្ធផល ការប្រមូលសំរាមអាចនឹងត្រូវខកខាននៅតាមតំបន់ខ្លះ ឬត្រូវបញ្ឈប់នៅថ្ងៃជាក់លាក់ណាមួយ ។

អាជ្ញាធរបញ្ជាក់ថា មិនមានការប្រមូលសំរាមឡើយកាលពីថ្ងៃអង្គារ ដោយសារតែខ្វះសាំង ហើយប្រតិបត្តិការនឹងចាប់ផ្តើមឡើងវិញ នៅពេលណាដែលការផ្គត់ផ្គង់ប្រេងសាំងនិងម៉ាស៊ូតត្រឡប់មកធម្មតាវិញ ។

ការរអាក់រអួលនេះ កើតឡើងចំពេលដែលបញ្ហាខ្វះខាតប្រេងឥន្ធនៈកំពុងបន្តប៉ះពាល់ដល់តំបន់ជាច្រើន ដែលជះឥទ្ធិពលដល់សេវាសាធារណៈ រួមទាំងធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ និងការផ្គត់ផ្គង់មានកម្រិត។ អ្នកសង្កេតការណ៍ បានព្រមានថា ស្ថានភាពនេះក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ខេត្តកញ្ចនៈបុរីផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Thai Enquirer | រូបភាព៖ Thairath Online/ VISUAL Thailand/ Khaosod English on X